ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ថា សង្រ្គាមនៅតំបន់ហ្កាហ្សា បានបណ្តាលឲ្យមានការខូចខាតចំនួន ៣០ ពាន់លានដុល្លារ និងការបំផ្លិចបំផ្លាញអគាររហូតដល់ ៨០ភាគរយ នៅទីក្រុងហ្កាហ្សា។

ការិយាល័យនេះ បានឲ្យដឹងថា ការខូចខាតជារួម គឺអគារលំនៅដ្ឋាន គ្រឿងបរិក្ខារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ អគ្គិសនី និងបំពង់បង្ហូរទឹក និងប្រព័ន្ធលូ។
ព័ត៌មាននេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
អ៊ីស្រាអែល បាននិងកំពុងធ្វើសង្គ្រាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីការលុកលុយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមផ្សេងទៀតចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបាន បណ្តាលឲ្យមនុស្សប្រហែល១.២០០នាក់ស្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ពង្រត់។

ផ្នែកមួយនៃសង្រ្គាមរបស់អ៊ីស្រាអែល រួមមានការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុង និងតំបន់លំនៅដ្ឋាន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើន។ សម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក បានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពយោធារបស់អ៊ីស្រាអែលដែលបានសម្លាប់ជនរងគ្រោះជាច្រើន ក្នុងចំណោមប្រជាជនស៊ីវិលផងដែរ។
យោធាអ៊ីស្រាអែល អះអាងថា ខ្លួនមានបំណងកម្ទេចក្រុមហាម៉ាស និងដោះលែងចំណាប់ថ្នូរទាំងអស់។