លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្នមានកម្មករ-កម្មការិនីចំនួន ៤៨៦ នាក់ បានសិក្សាកម្មវិធីអក្ខរកម្ម សម្រាប់កម្មករ-កម្មការិនីតាមរោងចក្រ ខណៈកម្មវិធីនេះ គឺជាអនុវិស័យអប់រំក្រៅប្រព័ន្ធរបស់ក្រសួងអប់រំដែលបានអនុវត្តតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ សម្រាប់លើកកម្ពស់ជំនាញដល់កម្មករនិយោជិត។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា កម្មវិធីអក្ខរកម្មសម្រាប់កម្មករកម្មការិនីតាមរោងចក្រ គឺជាកម្មវិធីមួយនៃអនុវិស័យអប់រំក្រៅប្រព័ន្ធ ជាការងារមួយរបស់ក្រសួងអប់រំ ដែលបានអនុវត្តតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ លោកជំទាវ បានបន្តថា សម្រាប់កម្មវិធីសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ គឺផ្តោតសំខាន់លើកម្មវិធី២ គឺកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ និងកម្មវិធីក្រោយអក្ខរកម្ម ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ ដោយបានអនុវត្តក្នុងរោងចក្រចំនួន៣៣ ប៉ុន្តែក្នុងនោះមានរោងចក្រមួយចំនួនបានបិទទ្វារដោយសារវិបត្តិសាកលកូវីដ-១៩ ក៏ប៉ុន្តែដំណើរការនៃគាំទ្រកម្មករ កម្មការិនីតាមរោងចក្រនៅតែដំណើរការរហូតមកដល់បច្ចុប្បន្ននេះ។

លោកជំទាវបន្តថា ក្រសួងគ្រោងពង្រីកវិសាលភាពនៃការងារនេះដោយផ្អែកទៅលើការងារការបង្កើនកម្មវិធីមួយទៀត គឺសមូលកម្រិតបឋមភូមិ មានន័យថា ដើម្បីជំរុញឲ្យបងប្អូនកម្មករ កម្មការនីដែលបានបោះបង់ការសិក្សា ហើយមានបំណងចង់បន្តការសិក្សាឡើងវិញនោះអាចចុះឈ្មោះរៀន ហើយប្រឡងយកសញ្ញាបត្របឋមសិក្សាបឋមភូមិ ឬហៅថា ឌីសប្លូម ដែលគាត់មានឱកាសក្នុងការយកសញ្ញាបត្រនេះ បន្តការសិក្សានៅក្នុងចំណេះទូទៅ ឬបន្តកម្រិតសាកលវិទ្យាល័យក្នុងពេលអនាគត ឬក៏ចាប់យកជំនាញវិជ្ជាជីវៈណាមួយដែលគាត់ពេញចិត្ត ហើយចង់បន្តការសិក្សា។

លោកជំទាវ ឃួន វិច្ឆិកា បានបញ្ជាក់ឲ្យដឹងទៀតថា កម្មវីធីខាងលើនេះ មិនមែនផ្តោតសំខាន់តែលើកម្មកររោងចក្រទេ ប៉ុន្តែផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋខ្មែរទូទៅ ដែលបានបោះបង់ចោលការសិក្សា ឬមិនមានឱកាសក្នុងការរៀនសូត្រក្នុងវ័យរបស់គាត់ ក្នុងនោះក៏ផ្តល់ឱកាសបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងពន្ធនាគារ ក៏ដូចជាមណ្ឌលអប់រំកែប្រែនៅក្នុងការរៀនផងដែរ។ ក្នុងនោះក្រសួងបានសហការជាមួយអង្គការស៊ីប៉ា និងដៃគូមួយចំនួនទៀត ក្នុងការរៀបចំឲ្យមានបណ្ណាល័យនៅតាមរោងចក្រ និងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរោងចក្រនីមួយៗដែលជាកន្លែងដែលសហការនោះ ក្នុងការអនុញ្ញាតពេលវេលាសមស្របដើម្បីឲ្យកម្មករ កម្មការិនី ចូលអានក្នុងបណ្ណាល័យផងដែរ។ លោកជំទាវ ឲ្យដឹងទៀតថា សព្វថ្ងៃ តាមរយៈកម្មវិធីនេះ មានបណ្ណាល័យចំនួន ៣៨ បានកំពុងដំណើរការ ដោយក្នុងនោះឃើញអ្នកចូលអានប្រមាណ ១៨ពាន់នាក់ ក្នុង១ឆ្នាំៗ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្មវិធីអក្ខរកម្ម មានអ្នកសិក្សាសរុបចំនួន ១៧,៨៦១នាក់ ក្នុងនោះអ្នកសិក្សានៅតាមរោងចក្រមានចំនួន ៤៨៦នាក់, នៅពន្ធនាគារ ៧០០នាក់ , នៅមណ្ឌលអប់រំកែប្រែ ១៦៥នាក់។ ដោយឡែក អ្នកសិក្សាបានបញ្ចប់វគ្គ ១៥,៦០០នាក់ ក្នុងនោះបានឆ្លងកាត់តេស្តស្តង់ដារបញ្ចប់ជាប់ ១៤,៤៦៧នាក់ ស្មើជាង ៩២% ដោយមានបំណិនផ្នែកអក្សរ , បំណិនផ្នែកអក្សរ និងបំណិនផ្នែកលេខ៕ អត្ថបទ៖ ឈិត បូរ៉ាវី






