ផ្សារសមាគមន៍ខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទេសចរណ៍ ក្នុងផ្សារទំនើបសូរិយាសិនធ័រ រាជធានីភ្នំពេញ មកដល់ពេលនេះ គឺមានផលិតផលខ្មែរ បានប្រមាណជាង៨០មុខ ត្រូវបានបណ្តាអាជីវករ យកទៅរៀបដាក់តាំងលក់ ខណៈការលក់ដូរទាំងនោះបានពឹងអាស្រ័យខ្លាំងទៅលើប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាសង្គម អនឡាញ ដើម្បីផ្សព្វផ្សាយស្វែងរកទីផ្សារ និងជំរុញការគាំទ្រ លក់ទិញកើនឡើង។

បណ្តាអាជីវករ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែមីនានេះថា ជារួមនៅក្នុងផ្សារសមាគមន៍ខ្មែរ នៅជាន់ទី៤ ផ្សារទំនើបសូរិយានេះ គឺមានដាក់តាំងលក់ផលិតផលខ្មែរ ផលិតដោយស្នាដៃកូនខ្មែរ កសិករខ្មែរ សិប្បកម្មខ្មែរសុទ្ធ១០០% និងមានមុខទំនិញ និងសេវាកម្ម ប្រមាណជាង ៨០មុខ ហើយកម្លាំងទិញ ភាគច្រើន គឺអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ ស្គាល់ផ្សារសមាគមន៍ខ្មែរ តាមរយៈការដើរកម្សាន្តក្នុងផ្សារទំនើបសូរីយា ហើយភ្ញៀវខ្លះទៀតស្គាល់តាមរយៈប្រព័ន្ធព័ត៌មានបណ្តាញសង្គម និងបានបញ្ជាទិញនៅតាមប្រព័ន្ធអនឡាញ។

ពលរដ្ឋ បានថ្លែងថាពួកគេមានការពេញចិត្តខ្លាំង ដែលផ្សារសមាគមន៍ខ្មែរ រៀបចំដាក់តាំងលក់តែលើផលិតផលខ្មែរសុទ្ធ ហើយការដាក់តាំងលក់នេះ គឺធ្វើឲ្យភ្ញៀវជាតិ អន្តរជាតិនានា បានសិក្សា បានស្គាល់ ប្រើប្រាស់ និងភ្លករសជាតិ នូវអ្វីដែលខ្មែរធ្វើបាន ងាយនឹងធ្វើការសម្រេចចិត្តទិញ។
សូមបញ្ជាក់ថាផ្សារសមាគមន៍ខ្មែរ គឺទើបបានសម្ពោធបើកដំណើរការផ្លូវការនៅថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២៤នេះ ហើយនៅក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ក្នុងនាមជាប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានថ្លែងថា មានអាជីវករខ្មែរ ប្រមាណ១០០នាក់ គឺបាននាំយកផលិតផលខ្មែរនៅតាមសហគមដាំដំណាំរបស់កសិករ តាមសិប្បកម្មនានា យកមកដាក់តាំងលក់ផង និងតាំងបង្ហាញផង ដើម្បីស្វែងរកដៃគូអ្នកទិញ លក់បោះដុំនិងធ្វើការលក់រាយបន្តទៀត។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បន្តថា បច្ចុប្បន្នផ្សារសមាគមន៍ខ្មែរ អំពាវនាវទៅដល់បណ្តាម្ចាស់សិប្បកម្ម សហគ្រាសខ្មែរ និងកសិករខ្មែរនានាទៀត នាំយកផលិតផលដែលខ្លួនផលិតបាន យកមកដាក់តាំងលក់ និងតាំងបង្ហាញដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញបង្កើនការទិញឲ្យមានកំណើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា



