ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់ទូរទស្សន៍សាធារណៈ ZDF របស់អាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ត្រូវធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរនៃប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប។

លោកស្រីបាននិយាយនៅក្នុងកម្មវិធីព័ត៌មានពេលយប់របស់ទូរទស្សន៍ ZDF ថា អ៊ីស្រាអែល គ្រាន់តែបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការថែទាំប្រជាជនក្នុងកម្រិតកំណត់មួយប៉ុណ្ណោះ ហើយត្រូវតែធ្វើបន្ថែមទៀត ដើម្បីការពារជីវិតជនស៊ីវិល។

លោកស្រី បានបន្ថែមថា ដោយមើលឃើញពីស្ថានការណ៍នៅតំបន់ហ្កាហ្សា ច្រករបៀងជំនួយដែនសមុទ្ររបស់សហភាពអឺរ៉ុប ដែលបានគ្រោងទុកពីប្រទេសកោះស៊ីបទៅហ្កាហ្សា គឺពិតជាចាំបាច់ណាស់ ពីព្រោះបច្ចុប្បន្នយើងកំពុងជួបប្រទះគ្រោះមហន្តរាយមនុស្សធម៌។ ប្រតិបត្តិការតាមសមុទ្រ ត្រូវបានយល់ព្រមជាមួយអ៊ីស្រាអែល។
កត្តាចាំបាច់ គឺថា អ៊ីស្រាអែលអាចត្រួតពិនិត្យទំនិញនៅខាងកោះស៊ីប និងអនុវត្តការត្រួតពិនិត្យសុវត្ថិភាព»។ បន្ទាប់ពីនោះមក នាវាអាចធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា។
នៅពេលសួរអំពីការទទួលបានលទ្ធភាពចូលតាមផ្លូវដីបន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ជំនួយ លោកស្រី von der Leyen បាននិយាយថា បញ្ហានេះ ក៏កំពុងត្រូវបាន «ពិភាក្សាយ៉ាងយកចិត្តទុកដាក់» ជាមួយអ៊ីស្រាអែលផងដែរ។ «មនុស្សគ្រប់គ្នា ត្រូវបានអំពាវនាវឲ្យជួយ»។