ក្រុមស៊ើបការណ៍ចារកម្មសម្ងាត់ SITE បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១០ មីនា) ថាសាខារបស់ក្រុមភេរវកេ អាល់កៃដា (Al-Qaeda) នៅក្នុងប្រទេសយេម៉ែន បានប្រកាសពីការស្លាប់របស់មេដឹកនាំរបស់ខ្លួនឈ្មោះ ខាលីដ បាថាហ្វី (Khalid Batarfi) និងបានតែងតាំងអ្នកស្នងតំណែងបន្ទាប់។
សេវាត្រួតពិនិត្យចារកម្មនេះបាននិយាយថាសាកសពរបស់លោក បាថាហ្វី ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុម អាល់កៃដា នៅឧបទ្វីបអារ៉ាប់ នៅក្នុងសម្លៀកបំពាក់បញ្ចុះសព និងរុំដោយទង់ជាតិដែលមានឈ្មោះក្រុមជីហាដ។

មិនមានព័ត៌មានលម្អិតភ្លាមៗអំពីពេលវេលា ឬមូលហេតុនៃការស្លាប់របស់លោក បាថាហ្វី ដែលត្រូវបានគេជឿថាមានវ័យ ៤០ ឆ្នាំរូបនេះទេ។ ទីភ្នាក់ងារ SITE បាននិយាយថាក្រុមនេះបានតែងតាំងជាប្រធានថ្មីរបស់ខ្លួនឈ្មោះថា សាអាដ ប៊ីន អាតេហ្វ អាល់អាវឡាឃី (Saad bin Atef al-Awlaki) ដែលបានបង្ហាញខ្លួនចុងក្រោយនៅក្នុងវីដេអូមួយចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំរុញឱ្យកុលសម្ព័ន្ធស៊ុននីចូលរួមជាមួយបណ្ដាញ អាកាប (AQAP) របស់ក្រុម អាល់កៃដា នៅឧបទ្វីបអារ៉ាប់។

បណ្ដាញ អាកាប បានប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ថាលោក បាថាហ្វី ត្រូវបានតែងតាំងជាមេដឹកនាំរបស់ខ្លួន បន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងមុននោះគឺលោក កាសស៊ីម អាល់រីមី (Qassim al-Rimi) នៅក្នុងការវាយប្រហារដោយយានដ្រូនមួយដែលប្រហែលជាធ្វើឡើងដោយអាមេរិក ឬយេម៉ែន។
សហរដ្ឋអាមេរិក បានចាត់ទុកសាខារបស់ក្រុមអាល់កៃដា នៅយេម៉ែន ជាក្រុមដ៏គ្រោះថ្នាក់បំផុតនៃបណ្តាញក្រុមជីហាតពិភពលោក ហើយក្រសួងការបរទេសបានចាត់តាំងលោក បាថាហ្វី ក្នុងឆ្នាំ២០១៨ ថាជា «ភេរវករសកល»៕