កំពង់ឆ្នាំង៖ រទេះគោខ្មែរដឹកភ្ញៀវបរទេស ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន និងកំពុងក្លាយជាយាន្តជំនិះដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិនាពេលបច្ចុប្បន្ន ។ ការដឹកភ្ញៀវទេសចរអន្តរជាតិនេះ បានចាប់ផ្តើមពេញនិយមឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩បាន១០០%ក្នុងប្រទេស និងនាំអោយភ្ញៀវអន្តរជាតិបានចូលមកជិះរទេះគោខ្មែរ រួមនិងការទស្សនាផ្ទាំងគំនូរបុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ និងការទស្សនាវាលស្រែ រួមនិងភូមិឋានខ្មែរតាមជនបទ។
ប្រជាសហគមន៍អ្នកតាហាង ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាចក្រោមបានអោយដឹងថា រទេះគោខ្មែរ មាននៅក្នុងសហគមន៍ចំនួន២គឺ សហគមន៍អ្នកតាហាង និងសហគមន៍កំពង់ត្រឡាចលើ ហើយសមាជិកក្នុងសហគមន៍មាន៤៨នាក់ ។ សព្វថ្ងៃក្នុង១ថ្ងៃៗសមាជិកអាចដឹកភ្ញៀវអន្តរជាតិបានចន្លោះពី២ ទៅ៣ជើង ដោយក្នុង១រទេះគោអាចផ្ទុកភ្ញៀវបាន២នាក់ ជិះមើលតាមភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅជនបទ ទស្សនាវាលស្រែវាលស្រូវ និងបានចូលទៅទស្សនាផ្ទាំងគំនូរបុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ។ សមាជិកនៅក្នុងសមាគមន៍ទាំងអស់សុទ្ធតែមានរទេះ និងគោខ្លួនឯងផ្ទាល់ ហើយសេវាដឹកក្នុងភ្ញៀវម្នាក់៧ដុល្លារ ក្នុង១ថ្ងៃៗ ពួកគាត់អាចរកកម្រៃបានចន្លោះពី៣ម៉ឺនរៀល ទៅ៨ម៉ឺនរៀល សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ប្រជាសហគមន៍ទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំការពារថែរក្សាអាយុជីវិតប្រជាពលរដ្ឋទាំងអស់តាមរយៈការខិតខំស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវីត១៩ និងការពារប្រជាពលរដ្ឋរហូតអាចទប់ស្កាត់បានទាំងស្រុង។
លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាចបានអោយដឹងថា៖ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ មិនមានភ្ញៀវអន្តរជាតិមកជិះរទេះគោខ្មែរក្នុងឃុំរបស់លោកឡើយ ព្រោះកំពុងជួបវិបត្តិជាសកលចំពោះជំងឺកូវីដ១៩ ។ លុះក្រោយមកជម្ងឺនេះត្រូវបានទប់ស្កាត់បាត់ទៅវិញ ហើយភ្ញៀវអន្តរជាតិបានមកជិះរទេះគោខ្មែរ និងទស្សនាគំនូរបុរាណ និងជីវភាពប្រជាពលរដ្ឋតាមជនបទរបស់ខ្មែរយើងបន្តទៀត ។ តាមរយៈរូមគំនូរបុរាណ និងការធ្វើដំណើរកម្សាន្តបែបប្រពៃណីខ្មែរជិះរទេះគោ របស់ភ្ញៀវទេសចរអន្តរជាតិនេះ បានផ្តល់ឱកាសការងារ និងចំណូលដល់ប្រជាសហគមន៍រស់នៅក្នុងតំបន់ជនបទ ក្នុងឃុំកំពង់ត្រឡាច មានជីវភាពធូរធារមួយកម្រឹត ។ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាទាំងនេះ មិនត្រឹមតែបានកម្រៃផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍នោះទេ ថែមទាំងបង្កើនការអភិរក្សរូបគំនូរទឹកថ្នាំបុរាណរបស់ខ្មែរ និងសត្វគោ រទេះគោខ្មែរថែមទៀតផង ។ ភ្ញៀវទេសចរអន្តរជាតិដែលមកកទស្សនាកំសាន្តនេះ ភាគច្រើនមកពី អាមេរិក បារាំង ជប៉ុន និងតំបន់អឺរ៉ុប ដើម្បីមើលរូបគំនូរពីសម័យបុរាណរបស់ខ្មែរ ការជិះរទេះគោខ្មែរ និងបានទស្សនាតំបន់វាលស្រែវាលស្រូវខ្មែរ និងការរស់នៅបែបជនបទរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ។
ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកកំសាន្តទីនោះ គឺធ្វើដំណើរតាមកប៉ាល់មកចតនៅមាត់កំពង់ក្នុងឃុំកំពង់ត្រឡាចក្រោម ហើយប្រជាសហគមន៍បានយករទេះគោខ្មែរទៅទទួលពួកគាត់ពីទីនោះ បន្ទាប់មកដឹកពួកគាត់ទៅទស្សនារូបគំនូរបុរាណ នៅព្រះវិហារក្នុងវត្តពោធិ៍រុក្ខារាម ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋផងដែរ៕ កាំង ហុងវាស្នា