មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន។ បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយគណបក្ស ចាម៉ាអាត អ៊ី អ៊ីស្លាមមី(Jamaat-e-Islami) របស់ប្រទេសប៉ាគីស្ថាន ក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងពេលចាប់ផ្តើមខែតមអាហារដ៏ពិសិដ្ឋនៃខែបុណ្យរ៉ាម៉ាដាន។

សង្រ្គាមបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា ដែលពេលនេះឈានចូលដល់ខែទី៦ បានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមអ្នកប្រយុទ្ធហាម៉ាស បានវាយលុកចូលទឹកដីរបស់ប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាងមួយរយនាក់។

យុទ្ធនាការឥតឈប់ឈររបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសបានបង្កឱ្យមានការព្រមានកើនឡើងនៅទូទាំងពិភពលោក ខណៈមានហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលបានគំរាមកំហែងបន្ថែមលើចំនួនអ្នកស្លាប់ដែលបានកើនឡើងដល់ ៣១.០០០នាក់ រួចទៅហើយ។
លោក ស៊ីរ៉ាច អ៊ុល ហាក (Siraj ul Haq) ប្រធានគណបក្ស ចាម៉ាអាត អ៊ី អ៊ីស្លាមមី(Jamaat-e-Islami) (JI) បាននិយាយទៅកាន់ហ្វូងមនុស្សថា យើងចង់ទៅជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីន។ យើងចង់ទៅទីនោះ។ យើងចង់ផ្តល់ជីវិតរបស់យើងសម្រាប់ពួកគេ។

លោកបានគម្រាមហែក្បួនបាតុកម្មទៅកាន់ស្ថានទូតអាមេរិក ក្នុងទីក្រុង Islamabad ជាមួយនឹងមនុស្សរាប់លាននាក់ មកពីទូទាំងប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រចុងក្រោយនៃបុណ្យរ៉ាម៉ាដាន ប្រសិនបើគ្មានបទឈប់បាញ់នោះទេ។