កម្ពុជានៅថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាជាតិអំណានលើកទី ៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ ទិវាជាតិអំណាននៅក្នុងឆ្នាំ២០២៤នេះ រៀបចំឡើងនៅទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានទាំងការតាំងពិព័រណ៍សៀវភៅ ការធ្វើបឋកាថាពីវិស័យអប់រំ បូករួមទាំងការប្រកួតប្រជែង និងការប្រកាសជ័យលាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងការបកស្រាយប្រធានបទផងដែរ។

ក្នុងឱកាសបើកទិវាជាតិអំណាន នាថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» ជាប្រធានបទឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអំណាន ដើម្បីបណ្ដុះមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅរកជីវិតល្អប្រសើរសម្រាប់មនុស្សគ្រប់ៗគ្នា។

ឯកឧត្តមបញ្ជាក់ថា អំណានមិនមែនផ្តោតតែលើការទទួលបានព័ត៌មាននោះទេ ប៉ុន្តែអំណាននឹងនាំមកនូវការពង្រឹងចំណេះដឹង ការយល់ដឹង ទស្សនៈរបស់អ្នកអានផងដែរ។ ការអានជួយឱ្យប្រជាពលរដ្ឋអាចស្វែងរកឃើញនូវគំនិតថ្មីៗ យល់ពីវប្បធម៌ជាតិ អន្តរជាតិ បទពិសោធន៍ ដែលនាំទៅរកការរីកចម្រើនរបស់ខ្លួន។
ឯកឧត្តមបន្តថាតាមរយៈការអាន បានធ្វើឱ្យពលរដ្ឋមានលទ្ធភាពប្រាស្រ័យទាក់ទងគ្នា បានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធភាព ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយបញ្ហាផ្សេងៗ ក្នុងទិដ្ឋភាពនៃជីវិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងពិធីដដែលនេះ ក៏មានការប្រកាសជ័យលាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងការបកស្រាយប្រធានបទផងដែរ។ ជ័យលាភីទាំងនេះ ឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសពីកម្រិតសាលា ស្រុក-ខណ្ឌ រាជធានី-ខេត្ត រហូតដល់វគ្គផ្ដាច់ព្រ័តក្នុងព្រឹត្តិការណ៍ទិវាជាតិអំណាន។ ក្រោយប្រកាសលទ្ធផល ជ័យលាភីលេខ ១ ផ្នែកអានអត្ថបទ និងជ័យលាភីលេខ ១ផ្នែកស្មូតកំណាព្យ បានលើកឡើងពីភាពរីករាយជាខ្លាំង ដែលខ្លួនអាចសម្រេចបានជោគជ័យនៅថ្ងៃនេះ។ ពួកគេនឹងបន្តប្រឹងប្រែង ហើយចាត់ទុកថានេះជាជោគជ័យសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សាលា និងខេត្តទាំងមូលផងដែរ។
គួរបញ្ជាក់ឱ្យដឹងថា ទិវាជាតិអំណានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤នេះ ជាលើកទី៩ ដែលកម្ពុជាបានរៀបចំឡើង ដោយមានការតាំងពិព័រណ៍សៀវភៅជាង ១០០ស្តង់ បានចូលរួមក្នុងរយៈពេល ៣ថ្ងៃផងដែរ៕ អត្ថបទ៖ គឹមហុក







