អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោកអាប់ឌូលឡាយ៉េ បាធីលី (Abdoulaye Bathily) បានបង្ហាញការព្រួយបារម្ភចំពោះភាពជាប់គាំងផ្នែកនយោបាយ របស់ប្រទេសលីប៊ី ដោយជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោត។

លោក Bathily បានជួបជាមួយនាយករដ្ឋមន្ត្រីលីប៊ី លោក អាប់ឌុល ហាម៉េដ ឌីបេបា(Abdul-Hamed Dbeibah) ក្នុងអំឡុងពេលដែលពួកគេពិនិត្យមើលស្ថានភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ហើយបានពិភាក្សាអំពីវិធីដើម្បីជំរុញដំណើរការនយោបាយឆ្ពោះទៅមុខ តាមរយៈដំណោះស្រាយផ្នែកនយោបាយ។

លោក Bathily បាននិយាយនៅលើបណ្តាញ X ថា លោក បាននិយាយឡើងវិញពីការព្រួយបារម្ភរបស់លោកទាក់ទងនឹងភាពជាប់គាំងនយោបាយបច្ចុប្បន្ន និងផលវិបាកចំពោះស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រជាជនលីប៊ី ហើយបានអំពាវនាវជាថ្មីដល់មេដឹកនាំប្រទេសលីប៊ីទាំងអស់ ឱ្យក្រោកឡើងប្រឈមមុខនឹងបញ្ហា ហើយព្រមព្រៀងលើរដ្ឋាភិបាលបង្រួបបង្រួម ដើម្បីដឹកនាំប្រទេសទៅកាន់ការបោះឆ្នោត។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិកនៃក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ លោក Bathily បានបញ្ជាក់លើតម្រូវការបន្ទាន់ក្នុងការអនុវត្តច្បាប់បោះឆ្នោត និងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយ។
ប្រទេសលីប៊ី បានបរាជ័យក្នុងការរៀបចំការបោះឆ្នោតសកល កាលពីខែធ្នូ ឆ្នាំ ២០២១ ខណៈត្រូវបានគ្រោងទុក ដោយសារការខ្វែងគំនិតគ្នាលើច្បាប់បោះឆ្នោត ក្នុងចំណោមគណបក្សនៅប្រទេសលីប៊ី។