បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់សិក្ខាកាម កងកម្លាំង នៃកងរាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សរុបចំនួន ១១៣នាក់ ដែលមានរយៈពេល៤៥ថ្ងៃ (ចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏លើកឡើងថា ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព នៃការយល់ដឹងដល់កងកម្លាំង ជាពិសេសយើងជាកម្លាំងអាវុធហត្ថ ជាកម្លាំងនគរបាល ត្រូវមានកាយសម្បទារឹងមាំ មានចំណេះដឹងផ្នែកវិជ្ជាជីវៈ ។
លោកបន្តថា កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ត្រូវជាគំរូក្នុងការអនុវត្តច្បាប់ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាបទវិន័យទូទៅ របស់កងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាក់ថា បើទោះបីប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ និងរីកចំរើនក៏ដោយ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ គឺជាកម្លាំងមួយត្រូវរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស។
បើតាមការបញ្ជាក់ឱ្យដឹងពីលោកអនុសេនីយ៍ឯក កែម ចាន់រស្មី នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៤៥ថ្ងៃ (ចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)។ ដោយផ្តោតសំខាន់ចំនួន៦ មេរៀន រួមមាន ១-លំហាត់របៀបជួរទ័ព, ២-ប្រឆាំភេរវកម្ម វិធីសាស្រ្តបង្ក្រាបជនល្មើស, ៣-ការរក្សាសណ្តាប់ធ្នាប់, ៤-ក្រមនីតិវិធីព្រហ្មទណ្ឌ, ៥-បាញ់គ្រាប់ពិត និងទី៦-ក្បាច់គុណបញ្ចស៊ីឡាត់៕ អត្ថបទ រឿង ចន្ទ្រា



