ប្រធានក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) បានស្តីបន្ទោសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១០ មីនា) ចំពោះភាពជាប់គាំងនៃកិច្ចចរចាបទឈប់បាញ់ និងការច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមនៅលើតំបន់ហ្កាហ្សា ប៉ុន្តែបាននិយាយថាក្រុមនេះនៅតែស្វែងរកដំណោះស្រាយចរចា។

លោក ហានីយ៉េ បាននិយាយថា អ៊ីស្រាអែលមិនទាន់បានផ្តល់ការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការវាយលុកយោធា និងដកកងកម្លាំងរបស់ខ្លួន ហើយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបទេ។ ក្រុមហាម៉ាស បានប្តេជ្ញាចិត្តការពារប្រជាជនរបស់ខ្លួន ហើយទន្ទឹមនឹងនោះក៏ស្វែងរកដំណោះស្រាយដោយការចរចាផងដែរ។

ក្រុមហាម៉ាស បានបង្កាត់ភ្លើងសង្គ្រាមដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ខ្លួនមនុស្ស ២៥៣ នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយលុកជើងគោក និងការទម្លាក់គ្រាប់បែកពីលើអាកាសទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើនកុះករ ដោយគិតត្រឹមថ្ងៃអាទិត្យ (១០ មីនា) បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣១.០៤៥ នាក់ និងបង្ករបួស ៧២.៦៥៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕