ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមរបាយការណ៍សង្ខេប ស្ដីអំពី៖ វឌ្ឍនភាពនៃការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានដកស្រង់ពីទិន្នន័យសំខាន់ៗដែលទាក់ទងទៅនឹងវឌ្ឍនភាពនៃការសាងសង់ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោជំហានទី១ មកដល់ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានបង្ហាញថា ចំពោះវឌ្ឍនភាពនៃការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជំហានទី១ រួមមាន៖ ស្ថានីយអ្នកដំណើរ ដែលមាន អគារកណ្តាល និង អគារផែយន្តហោះខាងជើង, ផ្លូវរត់ទី១, ផ្លូវបរយន្តហោះ, វាល ចតយន្តហោះ និង អគារផ្សេងៗសម្រាប់ទ្រទ្រង់ប្រតិបត្តិការ ព្រលានយន្តហោះ ដែលអាចទទួល អ្នកដំណើរបាន ១៣ លាននាក់ នាឆ្នាំ ២០២៤ ។ ក្រៅពីនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក៏បាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ពី មហាវិថីសម្តេចហ៊ុន សែន ឆ្ពោះមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
វឌ្ឍនភាព និងថវិកាចំណាយសម្រាប់ការសាងសង់ និងការដោះស្រាយផលប៉ះពាល់ រួមមាន ជំហានទី១ នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៦៦,១% ហើយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារ។ ចំនួនបុគ្គលិក និងជាងកម្មករសរុបដែលកំពុងបម្រើការងារ ក្នុងគម្រោងអាកាស យានដ្ឋានអន្តរជាតិតេជោមានចំនួន ១៥,៩០៤ នាក់ក្នុងនោះ មាន៥៣៥ នាក់ជាជនជាតិបរទេស៕






