មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ការពិនិត្យ ព្យាបាល វះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ រយៈពេ០ល៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត នេត សុវិរៈ នាយកមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានធ្វើការពិនិត្យជំងឺភ្នែក និងវះកាត់ជំងឺភ្នែកឡើងបាយ, ជំងឺកន្ទុយថ្លែនភ្នែក ដោយឥតគិតថ្លៃ ដោយសហការឧបត្ថម្ភដោយមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់ទិសទីក្នុងមូលដ្ឋានរាជធានីភ្នំពេញ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា។
ចំណែកលោកវេជ្ជបណ្ឌិត យូ ពិសិដ្ឋ ឯកទេសចក្ខុរោគ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ផ្នែកចក្ខុរោគនាថ្ងៃនេះ បានទទួលបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺភ្នែក ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ មានកិច្ចសហការជាមួយមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី និងមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ជាពិសេសថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចុះទៅសហគមន៍ផ្សព្វផ្សាយ និងប្រមែប្រមូលបងប្អូនប្រជាពលរដ្ឋ មានបញ្ហាភ្នែក ឲ្យមកកាន់មនី្ទរពេទ្យ ដោយទទួលការពិនិត្យ ព្យាបាល និងវៈកាត់ជំងឺភ្នែក។
ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពីតាមបណ្តារាជធានី-ខេត្ត អញ្ជើញមកទទួលសេវាពិនិត្យជំងឺភ្នែក និងវះកាត់ជំងឺភ្នែកឡើងបាយ, ជំងឺកន្ទុយថ្លែនភ្នែក ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដោយមានការគាំទ្រសហការឧបត្ថម្ភដោយមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី បានបង្ហាញចំណាប់អារម្មណ៍ថា សកម្មភាពនេះពិតជាល្អខ្លាំងណាស់ ដែលមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ និងមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី បានគិតគូរយកចិត្តទុកដាក់ពីសុខភាពភ្នែករបស់គាត់។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត យូ ពិសិដ្ឋ បានបញ្ជាក់ថា ដោយទទួលការណែនាំពីលោកវេជ្ជបណ្ឌិត នេត សុវិរៈ នាយកមនី្ទរពេទ្យ បានគាំទ្រ និងជម្រុញដល់ផ្នែកចក្ខុរោគ ឲ្យខិតខំបន្តសិក្សាស្រាវជ្រាវ និងចុះទៅកាន់សហគមន៍ ដើម្បីប្រមូលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលគ្មានលទ្ធភាព ប៉ុន្តែមានប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស. គឺមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ រងចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ មកទទួលយកសេវាសុខាភិបាល ជួយព្យាបាលតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ព្យាបាល វះកាត់ និងអប់រំ ដើម្បីឲ្យចេះថែទាំភ្នែកនៅក្នុងសហគមន៍របស់គាត់ តាមផ្ទះ និងសាលារៀនជាដើម៕អត្ថបទ រដ្ឋា







