ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត រួមទាំងអ្នកពន្លត់អគ្គិភ័យពីរនាក់ បានរងរបួសនៅក្នុងការផ្ទុះកាំជ្រួចនៅក្នុងរដ្ឋធានី តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។

លោក Jalal Maleki អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតេអេរ៉ង់ បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតតំបន់ Grand Bazaar ទីក្រុងតេអេរ៉ង់ បន្ទាប់មកក្រុមអ្នកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ។

លោកនិយាយថា ការផ្ទុះនិងអគ្គិភ័យជាបន្តបន្ទាប់ បានបណ្តាលឱ្យបាក់រលំដោយផ្នែកនៃអគារលំនៅឋានចាស់មួយកន្លែងមានកម្ពស់ពីរជាន់ ហើយបានលើកឡើងពីមូលហេតុនៃឧបទ្ទវហេតុនេះថាជាការផ្ទុះកាំជ្រួចផលិតក្នុងស្រុកក្នុងចំនួនយ៉ាងច្រើន។
យោងតាមលោក ម៉ូហាម៉ាដ អ៊ីស្មេល តាវ៉ាកូលី (Mohammad Esmaeil Tavakoli) ប្រធានអង្គភាពសង្គ្រោះបន្ទាន់ទីក្រុងតេអេរ៉ង់ បាននិយាយថា អ្នករងរបួសពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ឧបទ្ទវហេតុជាច្រើន ដែលបង្កឡើងដោយកាំជ្រួច គឺកើតមានជាញឹកញាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងប៉ុន្មានថ្ងៃមុនពិធីបុណ្យភ្លើងជាប្រពៃណី។