
រដ្ឋអឺរ៉ុបជាច្រើនបាននាំចូលអាវុធស្ទើរតែទ្វេដងក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ នេះបើយោងតាមស្ថាប័នស្រាវជ្រាវស្ដីពីជម្លោះឈានមុខគេបាននិយាយនៅថ្ងៃចន្ទ (១១ មីនា០ នេះ ខណៈដែលអ៊ុយក្រែន ក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់អឺរ៉ុប បន្ទាប់ពីការលុកលុយដោយរុស្ស៊ី ក្នុងឆ្នាំ២០២២។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម (SIPRI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចូលរបស់អឺរ៉ុបបានកើនឡើង ៩៤ ភាគរយចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
អ៊ុយក្រែនជាប្រទេសនាំចូលធំជាងគេទីបួនក្នុងពិភពលោកចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋយ៉ាងតិចចំនួន ៣០ បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ មក។
សហរដ្ឋអាមេរិក បានបង្កើនការនាំចេញអាវុធរបស់ខ្លួនចំនួន ១៧ ភាគរយក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខណៈដែលការនាំចេញអាវុធរបស់រុស្ស៊ី បានធ្លាក់ចុះពាក់កណ្តាល រហូតដល់ ៥៣ ភាគរយក្នុងរយៈពេលដូចគ្នានេះ។
ការធ្លាក់ចុះនៃការនាំចេញអាវុធរបស់រុស្ស៊ី ធ្វើឱ្យប្រទេសបារាំង វ៉ាដាច់ប្រទេសជាច្រើនក្នុងនាមជាអ្នកនាំចេញអាវុធធំជាងគេទីពីររបស់ពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិកជាលើកដំបូងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩៥០ មក៕