
ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមបញ្ជូនគ្រូពេទ្យយោធា និងវេជ្ជបណ្ឌិតពីមណ្ឌលសុខភាពសាធារណៈទៅកាន់មន្ទីរពេទ្យដែលរងគ្រោះដោយការតវ៉ានៅថ្ងៃចន្ទ (១១ មីនា) នេះ ដើម្បីជួយមើលថែទាំអ្នកជំងឺដែលរងផលប៉ះពាល់ដោយការដើរចេញពីការងាររបស់គ្រូពេទ្យសិក្ខាហាត់ការ ១២.០០០ នាក់មកពីមន្ទីរពេទ្យចំនួន ១០០ ទីតាំង ជុំវិញផែនការកំណែទម្រង់របស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឆូ ខ្យូហុង (Cho Kyoo-hong) បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យថា គ្រូពេទ្យវះកាត់យោធាចំនួន ២០ នាក់ រួមជាមួយនឹងវេជ្ជបណ្ឌិតសុខភាពសាធារណៈចំនួន ១៣៨ នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យចំនួន ២០ ទីតាំងសម្រាប់រយៈពេល ៤ សប្តាហ៍។
ចំនួនគ្រូពេទ្យយោធា ដែលត្រូវបានអំពាវនាវឱ្យជួយរហូតមកដល់ពេលនេះ គឺមានត្រឹមតែមួយភាគតូចប៉ុណ្ណោះនៃគ្រូពេទ្យយោធាប្រហែល ២.៤០០ នាក់ នេះបើយោងតាមការសង្ខេបរបស់ក្រសួងការពារជាតិ។
រដ្ឋាភិបាលបានបដិសេធថាការដើរចេញពីការងាររបស់គ្រូពេទ្យហាត់ការ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២០ ខែកុម្ភៈ មិនបានបង្កឲ្យមានវិបត្តិសុខភាពទាំងស្រុងទេ ប៉ុន្តែមន្ទីរពេទ្យមួយចំនួនត្រូវទុកអ្នកជំងឺចោល និងពន្យារពេលនីតិវិធីព្យាបាល។
គិតត្រឹមព្រឹកថ្ងៃសុក្រសប្ដាហ៍មុន គ្រូពេទ្យដែលតវ៉ាជិត ១២.០០០ នាក់នៅមន្ទីរពេទ្យចំនួន ១០០ ទីតាំងបានចាកចេញពីមុខតំណែងរបស់ពួកគេនៅក្នុងជម្លោះជុំវិញផែនការរបស់រដ្ឋាភិបាលដើម្បីបង្កើនចំនួននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ ដោយប្រឆាំងនឹងសម្ពាធពីអាជ្ញាធរដែលជំរុញឱ្យគ្រូពេទ្យតវ៉ាទាំងនោះចូលធ្វើការវិញ៕