
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តបានកើនឡើងលើសពី ៣១.០០០ នាក់ ។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៥ នាក់ និងបង្ករបួស ១៣០ នាក់ទៀតនៅក្នុងផ្នែកផ្សេងៗនៃតំបន់ឆ្នេរហ៊ុមព័ទ្ធ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១.០៤៥ នាក់ និងអ្នករបួសឡើងដល់ ៧២.៦៥៤ នាក់។
យោងតាមក្រសួងហ្កាហ្សានេះបានឱ្យដឹងថា ប្រហែល ៧២ ភាគរយនៃជនរងគ្រោះគឺជាស្ត្រី និងកុមារ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹកនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៥ នាក់។
នៅភាគកណ្តាលហ្កាហ្សាស្ទ្រីប កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារដោយយន្តហោះចម្បាំង និងការបាញ់ប្រហារផ្សេងទៀត ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣ នាក់ ។
នៅក្រុង ខាន់យូនីស (Khan Younis) នៃភាគខាងត្បូងហ្កាហ្សាស្រ្ទីប បុគ្គលិកប្រដាប់អាវុធប៉ាឡេស្ទីន ១៧ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែល រួមជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀតបានស្លាប់ក្នុងការវាយប្រហារនៅផ្នែកផ្សេងៗនៃតំបន់ហ៊ុមព័ទ្ធមួយនេះ៕