
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទ (១១ មីនា) នេះថាអ្នកជិះស្គីសេរីឆ្លងភូមិសាស្រ្តចំនួន ៥ នាក់ ក្នុងចំណោមដែលបានបាត់ខ្លួន ៦ នាក់ក្នុងអំឡុងពេលដំណើរកម្សាន្តជិះស្គីនៅប្រទេសស្វីស ត្រូវបានគេរកឃើញថាបានស្លាប់ ខណៈដែលការស្វែងរកនៅតែបន្តសម្រាប់អ្នកជិះស្គីទីប្រាំមួយ។
ក្រុមអ្នកជិះស្គី ដែល ៥ នាក់ក្នុងចំណោមនោះជាសមាជិកគ្រួសារតែមួយ បានបាត់ខ្លួននៅជុំវិញភ្នំ តេត ប្លុងស្ហ៍ (Tete Blanche) កាលពីថ្ងៃសៅរ៍នៅលើតំបន់ ហ្សើម៉ាត អារ៉ូលឡា (Zermatt-Arolla) ក្បែរភ្នំ ម៉ាតធើហន (Matterhorn) ដែលជាប់ព្រំដែនរវាងប្រទេសស្វីស និងអ៊ីតាលី។ នគរបាលបាននិយាយថា សាកសពត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ នៅក្នុងផ្នែកនៃភ្នំ តេត ប្លុងស្ហ៍។
យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលមុននោះបានឱ្យដឹងថា អ្នកជិះស្គីទាំងនោះមានអាយុចន្លោះពី ២១ ទៅ ៥៨ ឆ្នាំ ហើយមនុស្សប្រាំនាក់ក្នុងចំណោមនោះជាគ្រួសារតែមួយមកពីរដ្ឋ វ៉ាលៀស (Valais) ខណៈមនុស្សទីប្រាំមួយមកពីរដ្ឋ ហ្វ្រាយប៊ឺក (Fribourg)។
នគរបាលមិនបានបង្ហាញអត្តសញ្ញាណអ្នកដែលត្រូវបានរកឃើញថាស្លាប់ទាំងនោះទេ។ តំបន់ ហ្សើម៉ាត គឺជារមណីយដ្ឋានភ្នំដ៏ពេញនិយមមួយដែលល្បីល្បាញសម្រាប់ការជិះស្គី និងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕