
រដ្ឋមន្ត្រីមួយរូបនៃគណៈរដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា នគរបាលទួរគី បានឃាត់ខ្លួនសមាជិក ក្រុមរដ្ឋអ៊ីស្លាម(IS)ចំនួន៣៣នាក់ នៅក្នុងប្រតិបត្តិការ នៅក្នុងខេត្ត Sakarya ភាគពាយ័ព្យ ជុំវិញការចោទប្រកាន់ថា បានរៀបចំការវាយប្រហារ មុនការបោះឆ្នោតក្នុងស្រុករបស់ប្រទេសនេះ នៅចុងខែនេះ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជនសង្ស័យ IS កំពុងរៀបចំ និងស្វែងធ្វើសកម្មភាព នៅមុនការបោះឆ្នោតក្នុងស្រុក នាពេលខាងមុខ។
លោករដ្ឋមន្ត្រី បានថ្លែងថា ជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ថា បានជ្រើសរើសអ្នកប្រយុទ្ធទៅកាន់តំបន់ជម្លោះ ការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ក្រុម និងប្រតិបត្តិការវិហារអ៊ីស្លាមខុសច្បាប់ និងសាលាបង្រៀនសាសនាទាំងអស់។
លោកបានបន្ថែមថា ក្រុមនគរបាល បានរឹបអូសអាវុធ លុយ និងឯកសារអង្គការអំឡុងពេលឆ្មក់ចូល នោះ។
ប្រទេសទួរគី បានបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករIS បន្ទាប់ពីក្រុមនេះ បានវាយប្រហារវិហារមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងខែមករា ដោយបានសម្លាប់ជនស៊ីវិលម្នាក់ ក្នុងអំឡុងពេលពិធីជួបជុំនៅថ្ងៃអាទិត្យ។
រដ្ឋាភិបាលទួរគី បានចាត់ទុកក្រុមIS ជាអង្គការភេរវកម្ម នៅក្នុងឆ្នាំ ២០១៣ ហើយបានស្តីបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ ២០១៥។