
ម្ចាស់ឃ្លាំង Ukrlandfarming បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិដ៏ធំមួយ ត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើតំបន់ Dnipro ភាគខាងកើតអ៊ុយក្រែនកាលពីចុងសប្តាហ៍នេះ និងបានធ្វើបង្កឲ្យមនុស្សម្នាក់ រងរបួស។
ឃ្លាំងUkrlandfarming គឺជាឃ្លាំងស្តុកគ្រាប់ធញ្ញជាតិធំបំផុតមួយរបស់អ៊ុយក្រែន ដែលជាលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២ បានទទួលរងការខាតបង់ប្រហែលមួយពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២៣។
ក្រុមហ៊ុននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៤ សត្រូវបានបើកការវាយប្រហារដោយមីស៊ីលទៅលើតំបន់ Dnipro ។ បុរសអាយុ ៥៨ឆ្នាំម្នាក់ ដែលជាបុគ្គលិករបស់យើង បានរងរបួស។ រោងចក្រផលិតរបស់ក្រុមហ៊ុនរបស់យើង ត្រូវបានបំផ្លាញទាំងស្រុង»។
ក្រុមហ៊ុន ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
អ្នកវិភាគមកពីសាលាសេដ្ឋកិច្ចទីក្រុងគីវ (KSE) បាននិយាយកាលពីខែមុនថា វិស័យកសិកម្មអ៊ុយក្រែនបានរងការខាតបង់ជិត ៨០ពាន់លានដុល្លារ នៅក្នុងការខាតបង់ដោយផ្ទាល់ និងដោយប្រយោល ដែលទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី។
តួលេខនេះ រួមបញ្ចូលការខាតបង់ចំនួន ៥.៨ ពាន់លានដុល្លារពីការបំផ្លាញឧបករណ៍ ១.៨ ពាន់លានដុល្លារពីការខូចខាតឃ្លាំងស្តុក និងជិត ២ពាន់លានដុល្លារពីផលិតផលកសិកម្ម ដែលខូចខាត។