
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃចន្ទ (ទី១១ ខែមីនា) នេះ បានសន្យាផ្តល់ប្រាក់ចំនួន ១១៧លានផោន (១៥០លានដុល្លារ) ទៅកាន់ផ្នែកការការពារសហគមន៍មូស្លីម ចំពេលមានការកើនឡើងនូវទង្វើស្អប់ខ្ពើមជនមូស្លីម ខណៈដែលប្រទេសនេះប្ដេជ្ញាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីដោះស្រាយភាពជ្រុលនិយមទាំងនោះ។
ដោយត្រូវបានប្រកាសក្នុងរយៈពេលជាង ១សប្តាហ៍បន្ទាប់ពីមានការសន្យាផ្ដល់ប្រាក់បន្ថែម ដើម្បីពង្រឹងផ្នែកសន្តិសុខ សម្រាប់ក្រុមជនជាតិជ្វីហ្វ ក្នុងពេលមានការកើនឡើងនូវនៃអំពើប្រឆាំងនឹងពួកជ្វីហ្វនោះ រដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា មូលនិធិថ្មីនេះនឹងត្រូវប្រើប្រាស់ដើម្បីការពារវិហារអ៊ីស្លាម សាលាអ្នកកាន់សាសនាឥស្លាម និងមជ្ឈមណ្ឌលសហគមន៍ដទៃទៀត។
អង្គភាព Tell Mama ដែលជាក្រុមឃ្លាំមើលឧប្បត្តិហេតុប្រឆាំងពួកមូស្លីម បានលើកឡើងកាលពីខែមុនថាមានករណីស្អប់ខ្ពើមកើនឡើង ៣៣៥ភាគរយ គិតចាប់តាំងពីមានការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក James Cleverly បាននិយាយថា៖ «ការស្អប់ខ្ពើមប្រឆាំងនឹងជនមូស្លីម ប្រាកដណាស់ គ្មាននៅក្នុងសង្គមរបស់យើងទេ។ យើងនឹងមិនអនុញ្ញាតឲ្យព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាត្រូវបានប្រើប្រាស់ជាលេស ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការរំលោភបំពានប្រឆាំងនឹងជនជាតិមូស្លីមនៅអង់គ្លេសនោះទេ»។
តែយ៉ាងណាក្ដី ការប្រកាសនេះកើតឡើងចំពេលមានការចោទប្រកាន់ម្តងហើយម្តងទៀតអំពីការមាននូវទង្វើស្អប់ខ្ពើម ក្នុងចំណោមក្រុមអភិរក្សនិយមដែលគ្រប់គ្រងផ្ទាល់ដោយនាយករដ្ឋមន្ត្រីលោក Rishi Sunak ដែលកាលពីខែមុន បានព្យួរសមាជិកសភាម្នាក់ បន្ទាប់ពីលោកបាននិយាយថា អភិបាលក្រុងឡុងដ្រ៍កាន់សាសនាឥស្លាម គឺលោក Sadiq Khan ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឥស្លាមនិយម៕