
មនុស្សប្រមាណជា ១.០០០នាក់ បានដើរដង្ហែនៅខាងក្រៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ (ទី១០ ខែមីនា) ដើម្បីតវ៉ាប្រឆាំងនឹងក្រុមហ៊ុន Tesla និងផែនការរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ ដែលចង់ពង្រីករោងចក្ររបស់ខ្លួន ដោយការតវ៉ានេះកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយដុតភ្លើង កាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ខ្សែផលិតកម្មរបស់ក្រុមហ៊ុនផលិតរថយន្តនេះ។
ផលិតកម្មរបស់រោងចក្ររបស់ក្រុមហ៊ុន Tesla នៅទីក្រុង Gruenheide បានធ្លាក់ចុះ គិតចាប់តាំងពីថ្ងៃទី៥ ខែមីនា បន្ទាប់ពីក្រុមឆ្វេងជ្រុលនិយមបានធ្វើការវាយប្រហារដោយដុតបង្គោលភ្លើងនៅក្បែរនោះ ដែលបណ្តាលឲ្យការផ្គត់ផ្គង់ថាមពលអគ្គីសនីរបស់រោងចក្រ ត្រូវបានរំខាន រហូតដល់សប្តាហ៍បន្ទាប់។
ការវាយប្រហារនេះបានធ្វើឲ្យបុគ្គលិក ១២.៥០០នាក់របស់ក្រុមហ៊ុននេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយកំពុងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ មិនអាចផលិតរថយន្តប្រហែល១.០០០គ្រឿង ក្នុង ១សប្តាហ៍ ដែលគេរំពឹងថា នឹងបណ្តាលឲ្យមានការខាតបង់យ៉ាងហោចណាស់រាប់រយលានអឺរ៉ូ។
ការវាយប្រហារនេះគឺជាឧបសគ្គចុងក្រោយបំផុត សម្រាប់ក្រុមហ៊ុន Tesla ដែលជួបប្រទះនូវពេលវេលាដ៏រញ៉េរញ៉ៃ នៅទ្វីបអឺរ៉ុបថ្មីៗនេះ ដោយប្រឈមនឹងសម្ពាធសហជីព សម្រាប់កិច្ចព្រមព្រៀងចរចារួម នៅក្នុងតំបន់អឺរ៉ុបខាងជើង និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្ដាលមកពីការវាយប្រហារលើការដឹកជញ្ជូន នៅសមុទ្រក្រហម៕