ប្រធានស្ថាប័ននិយ័តកម្មនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានក្រើនរំលឹកដល់មន្ត្រីរបស់ខ្លួនថា ថាមពលនុយក្លេអ៊ែរ គ្មានសុវត្ថិភាព ១០០ ភាគរយនោះទេ។ ការព្រមាន បានធ្វើឡើងនៅថ្ងៃចន្ទនេះ ខណៈប្រទេសជប៉ុន ប្រារព្ធខួប១៣ឆ្នាំ នៃឧបទ្ទវហេតុនុយក្លេអ៊ែរ ឆ្នាំ២០១១ នៅរោងចក្រនុយក្លេអ៊ែរហ្វ៊ូគុស្ស៊ីម៉ា ដាយអ៊ីឈី(Fukushima Daiichi)។ ប្រធានអាជ្ញាធរនិយ័តកម្មនុយក្លេអ៊ែរ លោក Yamanaka Shinsuke បាននិយាយថា គ្រោះមហន្តរាយធម្មជាតិ ដូចជាការរញ្ជួយដី និងរលកយក្សស៊ូណាមិ គឺមិនអាចជៀសរួចនោះទេ នៅក្នុងប្រទេសជប៉ុន។ លោក បាននិយាយសំដៅទៅលើការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីប Noto កាលពីថ្ងៃចូលឆ្នាំសកល។
លោក Yamanaka និយាយបន្តថា ឧបទ្ទវហេតុ ដូចជាឧបទ្ទវហេតុនៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi មិនគួរឲ្យកើតឡើងឡើយ ទោះជាគ្រោះធម្មជាតិប្រភេទណាក៏ដោយ។ លោក បានប្រាប់មន្ត្រីឲ្យគិតពីកិច្ចខិតខំប្រឹងប្រែងដែលពួកគេគួរធ្វើ និងធ្វើការសម្រេចចិត្តដោយផ្អែកលើវិទ្យាសាស្ត្រ។
ទីភ្នាក់ងារមួយរបស់រដ្ឋាភិបាល ត្រូវបានបង្កើតឡើង ជាអាជ្ញាធរឯករាជ្យ ដើម្បីរឹតបន្តឹងបទប្បញ្ញត្តិនុយក្លេអ៊ែរ ដោយផ្អែកលើបទពិសោធន៍ដែលបានដឹងពីឧបទ្ទវហេតុ នៅរោងចក្រ Fukushima Daiichi ឆ្នាំ ២០១១។ ទីភ្នាក់ងារនេះ ធ្វើការត្រួតពិនិត្យ និងពិនិត្យឡើងវិញភាពចាំបាច់សម្រាប់ការចាប់ផ្តើមឡើងវិញនៃរោងចក្រថាមពលនុយក្លេអ៊ែរ ដោយផ្អែកលើស្តង់ដារនិយ័តកម្មថ្មី ក្នុងចំណោមកិច្ចការផ្សេងៗទៀត។