
ភ្នំពេញ ៖ លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោក ស៊ុយ សេរិទ្ធ ដែលត្រូវទៅបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងខិតខំស្ការ កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាដើម ក្នុងនោះ ស្ពានអាកាសមរតកតេជោ នឹងត្រូវបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅក្នុងអំឡុងខែមេសា ខាងមុខនេះ។ រាជធានីភ្នំពេញ បាននឹងកំពុងប្រែប្រួលមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានរបស់ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញបានក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត។
ឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើឱ្យលោក ឯក ឃុនជឿន ដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនិងបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសត្រូវចូលរួមសហការអនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់រាជធានីភ្នំពេញ ត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនៈគ្រប់ភារកិច្ច។
ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការតែងតាំងលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ជាអភិបាលរងរាជធានីភ្នំពេញនាពេលនេះ គឺក្រោយពីរាជរដ្ឋាភិបាលបានពិនិត្យឃើញពីសមត្ថភាពរបស់លោក ដើម្បីឱ្យលោក ឯក ឃុនដឿន បានចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យរីកចំរើនថែមទៀត។ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់មិនអាចខ្វះបាន ដែលត្រូវរួមសហការគ្នារក្សាឱ្យបាន ពិសេសគឺរក្សា សន្តិភាព។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ពិសេសបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការបង្ក្រាបគ្រឿងញៀន ពិសេសនៅតាមក្លឹបកំសាន្ត។ ពិសេសថែមទៀតនោះ ឯកឧត្តមចង់ឱ្យវិស័យឯកជនវិនិយោគលើចំណតយានយន្ត ព្រោះថា ការវិនិយោគលើវិស័យនេះ វានិងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនខ្លាំងលើវិស័យសំណង់ ដូច្នេះឯកឧត្ដមជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើច្បាប់សំណង់ ពោលគឺសំណង់ត្រូវតែមានច្បាប់អនុញាត្តិត្រឹមត្រូវ។
លោក ឯក ឃុន ដឿន បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹតបន្តឹងច្បាប់ចរាចរណ៍ ប្រឆាំងគ្រឿងញៀន សាមគ្គីភាពផ្ទៃក្នុង ប្រឆាំងអំពើពុករលួយ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





