
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ លោក Christian Lindner នៅថ្ងៃចន្ទ (ទី១១ ខែមីនា) នេះ បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងគាំទ្រដល់អាណត្តិទី២ សម្រាប់តំណែងប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) របស់លោកស្រី Kristalina Georgieva។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Linder បានឲ្យដឹងថា៖ «លោកស្រី Kristalina Georgieva បានជួយដឹកនាំ IMF ឆ្លងកាត់ពេលវេលាដ៏លំបាក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំជឿជាក់ថា លោកស្រីគឺពិតជាបុគ្គលដ៏ត្រឹមត្រូវ ដែលនឹងជួយដឹកនាំស្ថាប័ននេះឆ្លងកាត់បញ្ហាប្រឈម នាពេលខាងមុខ និងដែលនឹងជួយពង្រឹង IMF ក្នុងនាមជាអ្នកគាំទ្រឲ្យមានកំណែទម្រង់រចនាសម្ព័ន្ធ នៅក្នុងសេដ្ឋកិច្ចរបស់យើង»។
គួរបញ្ជាក់ថា លោកស្រី Georgieva ដែលជានាយកគ្រប់គ្រងទី១២ របស់ IMF ចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៤ នឹងបញ្ចប់អាណត្តិបច្ចុប្បន្នរបស់លោកស្រី នៅថ្ងៃទី៣០ ខែកញ្ញា៕