
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ការស៊ើបអង្កេតកំពុងប្រព្រឹត្ដទៅ បន្ទាប់ពីយន្ដហោះម៉ាស៊ីនភ្លោះ១គ្រឿង បានធ្លាក់នៅជិតតំបន់ហតស្រ្ពីង (Hot Springs) ក្នុងរដ្ឋវើជិននៀ (Virginia) កាលពីថ្ងៃអាទិត្យដោយបណ្តាលឲ្យស្លាប់មនុស្ស៥នាក់។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) នៅក្នុងសេចក្ដីថ្លែងការណ៍ បាននិយាយថា ការធ្លាក់យន្តហោះដ៏មន្តរាយនេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលតាមម៉ោងក្នុងស្រុក ជិតអាកាសយានដ្ឋានអ៊ីនហ្គល ហ្វៀល (Ingalls Field)។
រូបថតជាច្រើនសន្លឹកដែលថតដោយសាក្សីកាលពីថ្ងៃអាទិត្យ បានបង្ហាញក្រុមពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិឬ (NTSB)និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កំពុងធ្វើការស៊ើបអង្កេតឧបទ្ទវហេតុនោះដើម្បីសម្រេចទៅលើផ្លូវហោះហើរ និងអត្ដសញ្ញាណជនរងគ្រោះ។
តំបន់ហត ស្ព្រីង ស្ថិតនៅប្រមាណជា២៥៧គីឡូម៉ែត្រ ភាគពាយព្យតំបន់រីឆម៉ិន Richmond) ជិតព្រំដែនរដ្ឋវើជិននៀ ជាប់ជាមួយវើជីននៀខាងលិច៕