
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងពង្រីករយៈពេល ២៤ឆ្នាំរបស់លោក ក្នុងនាមជាមេដឹកនាំដ៏ឧត្ដុងឧត្ដមរបស់រុស្ស៊ី តាមរយៈការបោះឆ្នោត នាថ្ងៃទី ១៥-១៧ ខែមីនាខាងមុខ ហើយបានសន្យាចំណាយទឹកប្រាក់ច្រើនជាង ១១,៥សែនកោដិរូប្លិ៍ (១២៦,៥ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធ និងសង្គម ក្នុងរយៈពេល ៦ឆ្នាំខាងមុខ។
ដោយថ្លែងទៅកាន់ក្រុមឥស្សរជនរបស់រុស្ស៊ី ក្នុងនោះរួមទាំងសមាជិកសភាផងដែរ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី២៩ ខែកុម្ភៈ លោក Putin បានប្រាប់ថា៖ «នេះគឺជាកម្មវិធីរបស់ប្រទេសដ៏រឹងមាំ និងមានអធិបតេយ្យភាព ដែលសម្លឹងមើលទៅអនាគតដោយទំនុកចិត្ត។ យើងមានទាំងធនធាន និងឱកាសដ៏មហស្ចារ្យ ដើម្បីសម្រេចគោលដៅរបស់យើង»។
គួរបញ្ជាក់ថា ការចំណាយថវិកាសរុបរបស់រុស្ស៊ី ក្នុងឆ្នាំ២០២៤ ត្រូវបានគ្រោងទុកចំនួន ៣៦,៦សែនកោដិរូប្លិ៍ ដោយការចំណាយលើវិស័យយោធានឹងលើសពីការចំណាយសង្គមជាលើកដំបូង នៅឆ្នាំនេះ ខណៈដែលទីក្រុងមូស្គូកំពុងបន្តសង្គ្រាមជាមួយអ៊ុយក្រែន ដែលការប្រយុទ្ធគ្នានោះ ឥឡូវនេះ ឈានចូលឆ្នាំទី៣ ហើយ៕