
តុលាការអូទ្រីស នៅថ្ងៃចន្ទ (ទី១១ មីនា) បាននិយាយថា ខ្លួនបានលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលថា ជនល្មើសរំលោភសេពសន្ថវៈវ័យ ៨៨ឆ្នាំ ឈ្មោះ Josef Fritzl ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារធម្មតាពីអង្គភាពវិកលចរិករបស់ពន្ធនាគារ ប៉ុន្តែបានបញ្ជូនសំណុំរឿងនេះត្រឡប់ទៅតុលាការវិញ ដើម្បីឲ្យមានការសម្រេចថ្មី។
លោក Fritzl ដែលឥឡូវនេះបានប្តូរឈ្មោះរបស់ខ្លួនទៅឈ្មោះផ្សេងដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានចាប់រំលោភកូនស្រីរបស់លោក ហើយបានឃុំខ្លួននាងអស់រយៈពេល ២៤ឆ្នាំ ដោយលោកគឺជាឪពុករបស់កូនទាំង ៧នាក់របស់នាង។
យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការខេត្តជាន់ខ្ពស់ទីក្រុងវីយែន បានឲ្យដឹងថា៖ «ភាពចាំបាច់ សម្រាប់ការដោះលែងតាមលក្ខខណ្ឌនេះមិនទាន់ត្រូវបានបង្កើតឡើងពេញលេញនៅឡើយទេ។ តុលាការបានបញ្ជាឲ្យតុលាការជាន់ទាបបង្កើតអង្គហេតុបន្ថែមទៀត មុននឹងឈានដល់ការសម្រេចថ្មីមួយ»។
អ្នកនាំពាក្យតុលាការជាន់ទាបបាននិយាយថា ការសម្រេចនេះត្រូវបានរំពឹងថា នឹងកើតមាននៅខែមេសា៕