ឧត្តរមានជ័យ ៖ គ្រឿងសម្ភារៈបរិក្ខារអនាម័យសុខាភិបាល ត្រូវបានផ្តល់ជូនអាជ្ញាធរក្រុងសំរោង ខណៈប្រជាពលរដ្ឋជាច្រើននាក់កំពុងសំរុកមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ នៅតំបន់រដ្ឋាបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១នេះ ។
ក្នុងនោះលោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជា កុយ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដីឡូតិ៍អូរព្រាល ដែលបានផ្តល់នូវសម្ភារៈអនាម័យសុខាភិបាលជាច្រើនមុខ ដើម្បីរួមចំណែកជួយដល់អាជ្ញាធរក្រុងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្រុងសំរោង ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោក បានបន្តទៀតថា ទាំងអស់នេះ គឺជាទឹកចិត្តមួយដ៏មានតម្លៃចំពោះក្រុមហ៊ុនឯកជនក្នុងស្រុក ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩នេះ។
លោកអភិបាលក្រុង បញ្ជាក់ថា សម្ភារៈទាំងនេះគឺអាចជួយសម្រួលដល់ការផ្គត់ផ្គង់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី នឹងប្រជាពលរដ្ឋដែលមកទទួលសេវាចាក់វ៉ាក់សាំងមាន ទឹកអាកុល មានម៉ាស នឹងមានម៉ាស៊ីនវ៉ាស់កំដៅ សំរាប់ប្រើប្រាស់ផងដែរ៕
អត្ថបទ ៖ ឃិនសារិទ្ធ



