គិតក្នុងថ្ងៃទី១ នៃកម្មវិធីពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល បានកត់សម្គាល់ឃើញថា មានសិស្ស និស្សិត និងយុវជនជាច្រើននាក់ បានចូលរួមទស្សនា និងស្វែងយល់អំពីបច្ចេកវិទ្យាថ្មីជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថលផងដែរ។

លោក ម៉េង ចន្ថា និស្សិតមកពីសាកលវិទ្យាល័យ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្បូរបែប ដូចជាទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើន និងការទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មឌីជីថលថ្មីៗរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និងអន្តរជាតិជាដើម។

ក្រុមនិសិ្សតដែលកំពុងរៀនជំនាញផ្នែកឌីជីថល បាននិយាយថា ពិព័រណ៍នេះ បានធ្វើឲ្យពួកគេបានឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការទទួលបាននូវបទពិសោធថ្មីៗ ដែលពុំធ្លាប់ឃើញពីមុនមកនោះទេ។ ក្រុមនិស្សិតទាំងនេះ បានទទួលស្គាល់ទៀតថា ការរៀនជំនាញបច្ចេកវិទ្យាឌីជីថល នឹងធ្វើឲ្យពួកគាត់បានស្គាល់ និងដឹងអំពីការវិវឌ្ឍថ្មីៗ នៃពិភពលោកផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ រៀបចំឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋសរុបចំនួន ១១៨ និងស្តង់ចំនួន១៥០ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល សេវាកម្មទូរសព្ទនិងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច និងសេវាធុរកិច្ចថ្មីឌីជីថលជាដើម។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់១៣ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅអគារកោះពេជ្រ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៦ល្ងាច។ កម្មវិធីពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើន របស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តន៍ នៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី











