នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បាននិយាយបន្ទាប់ពីជួបលោក ដូណាល់ ត្រាំ (Donald Trump) ថាអតីតមេដឹកនាំអាមេរិករូបនេះនឹងមិនផ្តល់ប្រាក់ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីទេ ប្រសិនបើលោកឈ្នះតំណែងប្រធានាធិបតីម្តងទៀត ហើយការធ្វើបែបនេះនឹងពន្លឿនការបញ្ចប់សង្គ្រាម។

នាយករដ្ឋមន្ត្រីជាតិនិយមរបស់ហុងគ្រី លោក អ័របាន ដែលកំពុងគាំទ្រយុទ្ធនាការបោះឆ្នោតរបស់សម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការវិលត្រឡប់ទៅកាន់តំណែងសេតវិមាន បានជួបលោក ត្រាំ នៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃសុក្រ។

លោក អ័របាន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃអាទិត្យថា «ប្រសិនបើអាមេរិក និងអឺរ៉ុប មិនផ្តល់លុយ និងសព្វាវុធដល់អ៊ុយក្រែន នោះសង្គ្រាមនេះនឹងត្រូវចប់ ព្រោះយើងដឹងហើយថាអ៊ុយក្រែន មិនអាចឈរដោយខ្លួនឯងបានទេ»។
លោក អ័របាន បានបដិសេធមិនបញ្ជូនអាវុធទៅកាន់ទីក្រុងគីវ និងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក។

បណ្ដាមេដឹកនាំអឺរ៉ុបមានការព្រួយបារម្ភជាយូរណាស់មកហើយដែលថាបេក្ខភាពតំណែងប្រធានាធិបតីរបស់លោក ត្រាំ នឹងមានន័យថាជាការថយចុះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តយោធាឆ្លងតំបន់អាត្លង់ទិករបស់អង្គការណាតូ៕