ដោយពិធីបុណ្យរ៉ាម៉ាដាន(Ramadan) បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប និងប្រទេសជាច្រើនទៀត បានប្រកាសជាខែតមអាហារដ៏វិសុទ្ធរបស់មូស្លីម ដែលនឹងប្រព្រឹត្តទៅក្រោមស្រមោលសង្រ្គាមបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។

អារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មាន SPA ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា តុលាការកំពូលបានប្រកាសថា ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤ ជាការចាប់ផ្តើមនៃខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ឆ្នាំនេះ។

ប្រទេសអារ៉ាប់រួម និងកាតា ក៏បានប្រកាសកាលបរិច្ឆេទចាប់ផ្តើមសម្រាប់បុណ្យរ៉ាម៉ាដាន តាមរយៈសារព័ត៌មានផ្លូវការរបស់ខ្លួនផងដែរ បន្ទាប់ពីការគយគន់ឃើញព្រះចន្ទមួយចំហៀង។

មុននេះ ប្រទេសអ៊ីរ៉ង់ សម្រេចជ្រើសរើសយកថ្ងៃអង្គារទី១២មីនាសប្ដាហ៍នេះ ជាការចាប់ផ្តើមនៃបុណ្យ រ៉ាម៉ាដាន បន្ទាប់ពីការិយាល័យ អ៊ីស្តេឡាល "Estehlal" ឬការិយាល័យសង្កេតព្រះចន្ទបាននិយាយថា ខ្លួនមិនទាន់អាចសង្កេតឃើញព្រះចន្ទនៃរ៉ាម៉ាដាន បាននៅឡើយទេ៕