យោងតាមក្រុមហ៊ុនអាកាសចរណ៍ និងអង្គភាពសេវាសុខភាពប្រទេសនូវែលហ្សេឡង់ដែលបានព្យាបាលអ្នករងរបួស បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ បានរងរបួសនៅពេលដែលយន្តហោះ Boeing ៧៨៧ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines LTM.SN បានជួបឧបទ្ទវហេតុភ្លាមៗនៅពាក់កណ្តាលជើងហោះហើរពីទីក្រុងស៊ីដនី(Sydney) ទៅកាន់ទីក្រុងអក់លែន(Auckland) កាលពីថ្ងៃចន្ទ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងត្បូងមួយនេះ បាននិយាយថា យន្តហោះបានជួបប្រទះដំណើរញ័រខ្លាំង។

ជើងហោះហើរមានអ្នកដំណើរ ២៦៣នាក់ និងសមាជិកយានិក ៩នាក់ បានចុះចតនៅអាកាសយានដ្ឋាន ទីក្រុង Auckland តាមការគ្រោងទុកកាលពីរសៀលថ្ងៃច័ន្ទ។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកផ្សេងទៀតបានរងរបួសស្រាល ទៅមធ្យម។
អ្នកជំនាញផ្នែកសុវត្ថិភាពនិយាយថា ឧបទ្ទវហេតុយន្តហោះភាគច្រើន គឺបណ្តាលមកពីកត្តារួមផ្សំដែលចាំបាច់ត្រូវស៊ើបអង្កេតឱ្យបានហ្មត់ចត់។

ក្រុមហ៊ុន Boeing បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីប្រមូលព័ត៌មានបន្ថែម ហើយនឹងផ្តល់ការគាំទ្រណាមួយដល់ក្រុមហ៊ុនអាកាសចរណ៍។ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះជិតប្រហែល ៣ភាគរយ បន្ទាប់ពីឧបទ្ទវហេតុចុងក្រោយដែលពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងរបស់ខ្លួន។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កាលពីខែមករា បានរារាំងក្រុមហ៊ុនផលិតយន្តហោះដែលមានបញ្ហាពីការពង្រីកការផលិតយន្តហោះខ្នាតតូច 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីបញ្ហាគុណភាព ដែលពុំអាចទទួលយកបាន។