យោងតាមសារព័ត៌មាន BNPB និងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានទឹកជំនន់ និង បំណាក់ដី ក្នុងតំបន់មួយចំនួននៅខេត្តស៊ូម៉ាត្រាខាងលិច ចាប់តាំងពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៤មក ។

រហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនឡើងដល់២៦នាក់ និង១១នាក់កំពុងបាត់ខ្លួន លំនៅឋានជាច្រើនរងការបំផ្លិចបំផ្លាញ ដោយបង្ខំឲ្យប្រជាពលរដ្ឋជាង៨ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន។
ទឹកជំនន់បានជន់លិចផ្លូវនានានៅទីក្រុងផាដាង (Padang City)របស់ខេត្តស៊ូម៉ាត្រាខាងលិច ប៉ះពាល់ដល់ផ្ទះសម្បែងប្រមាណ១ម៉ឺនខ្នង និងពលរដ្ឋចំនួន៣.៧៣៤នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ក្រុមអាជ្ញាធរបានរាយការណ៍ពីទឹកជំនន់នៅក្នុងតំបន់ចំនួន៣១ទីតាំង ក្នុងស្រុកចំនួន៨ ក្នុងទីក្រុងនេះ ចន្លោះថ្ងៃទី៧និង៩មីនា។ មានសេចក្ដីរាយការណ៍ថាមានបំណាក់ដីចំនួន៦ទីតាំង ។ ទិន្នន័យបង្ហាញថា មានកម្រិតភ្លៀងធ្លាក់ជិត៣០០មីលីម៉ែត្រ ក្នុងពេល៦ម៉ោងកាលពីថ្ងៃទី៧មីនាឆ្នាំ២០២៤។

សហគមន៍នានានៅក្នុងតំបន់ ផេស៊ីស៊ សេឡាតាន រីជិនស៊ី (Pesisir Selatan Regency) ក៏ត្រូវបានរងការប៉ះពាល់ធ្ងន់ធ្ងរដែរ។ កាលពីថ្ងៃទី១០មីនា សារព័ត៌មាន BNPB បានរាយការណ៍ថា ទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋចំនួន២៥.៧៩៤គ្រួសារ និងមនុស្ស៧៦.១៧៨នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។មនុស្ស១៦នាក់ បានស្លាប់ក្នុងតំបន់នេះ។

ក្រុមអ្នកស្វែងរក និងជួយសង្រ្គោះតាមស្វែងរកអ្នកបាត់ខ្លួន ។ក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី១១មីនា សារព័ត៌មាន BNPB បានបញ្ជាក់ថាមនុស្ស២៦នាក់បានស្លាប់ និង១១នាក់បាត់ខ្លួន ។ លំនៅឋានជាង៣ម៉ឺនខ្នង ស្ពាន២៦ខ្សែ អគារព្រះវិហារចំនួន៤៥កន្លែង សាលារៀន ២៥ខ្នង ផ្លូវ១៣ ខ្សែ និងអគាររដ្ឋចំនួន៥កន្លែង ត្រូវបានបំផ្លាញ៕