ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារ (១២ មីនា) នេះថា គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មពីរករណីដាច់ដោយឡែកពីគ្នាបានសម្លាប់មនុស្ស ១២ នាក់នៅប្រទេសចិន ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយនោះជាឧបទ្ទវហេតុចុងក្រោយបំផុតដែលញាំញីដល់ឧស្សាហកម្មប្រភេទនេះ បន្ទាប់ពីរដ្ឋាភិបាលថ្មីៗនេះបានកែសម្រួលច្បាប់សុវត្ថិភាពការជីកយករ៉ែ។

ទូរទស្សន៍ CCTV បាននិយាយថា លេណដ្ឋានធ្យូងថ្មក្រោមដីមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយនៅក្នុងតំបន់ ចុងយ៉ាង (Zhongyang) ខេត្តសានស៊ី (Shanxi) បានដួលរលំនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនពីរនាក់។
គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅក្នុងខេត្ត សានស៊ី នេះកើតឡើងបន្ទាប់ពីនិយតករសុវត្ថិភាពការជីកយករ៉ែរបស់ខ្លួនបានចេញសេចក្តីជូនដំណឹងមួយកាលពីខែមុន ដោយប្រាប់ក្រុមហ៊ុនអណ្តូងរ៉ែឱ្យទប់ស្កាត់ការផលិតលើសកំណត់ដើម្បីការពារគ្រោះថ្នាក់។

ដោយឡែកមនុស្ស ៧ នាក់ក៏ត្រូវបានរកឃើញថាស្លាប់ និងពីរនាក់បាត់ខ្លួនបន្ទាប់ពីការផ្ទុះឧស្ម័ននៅឯអណ្តូងរ៉ែធ្យូងថ្ម ហួយហឺ អ៊ីននើជី (Huaihe Energy) ក្នុងខេត្ត អានហួយ (Anhui) ភាគខាងកើតរបស់ប្រទេសចិន នេះបើតាមទូរទស្សន៍ CCTV បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទ។
គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មដែលបណញដាលឱ្យមានមនុស្សស្លាប់មិនមែនជារឿងកម្រក្នុងប្រទេសចិនទេ។ នៅឆ្នាំ២០២៣ ប្រទេសចិនបានជួបឧបទ្ទវហេតុអណ្តូងរ៉ែធ្យូងថ្មយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យរដ្ឋបាលសុវត្ថិភាពអណ្តូងរ៉ែរបស់ប្រទេសនេះ កែប្រែច្បាប់ដែលមានស្រាប់របស់ខ្លួនដោយសារមាន «បញ្ហាលេចធ្លោ» ជាច្រើន៕