WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា បណ្ដាប្រទេសអ្នកមានមិនគួរបញ្ជាទិញដូសបន្ថែមនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ចាក់ជូនប្រជាជនដែលបានចាក់វ៉ាក់សាំងរួចទៅហើយនោះទេ ខណៈដែលប្រទេសផ្សេងទៀតមិនទាន់ទទួលបានវ៉ាក់សាំងបង្ការវីរុស COVID-19 នៅឡើយ។

លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ការស្លាប់ត្រូវបានកើនឡើងជាថ្មីម្តងទៀតពីជំងឺរាតត្បាតសកល COVID-19 វីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរាតត្បាតខ្លាំង និងប្រទេសជាច្រើនដែលនៅមិនទាន់ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកសុខភាពរបស់ពួកគេនៅឡើយ។ លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានថា វីរុសបម្លែងខ្លួនថ្មី Delta កំពុងឆ្លងរាតត្បាតទូទាំងពិភពលោកក្នុងចំនួនដ៏ច្រើន ដែលជំរុញឲ្យការឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 កើនឡើងខ្ពស់ថ្មីទៀត ដោយគូសបញ្ជាក់ថា ការឆ្លងខ្លាំងនៃវីរុសបម្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពេលនេះបានរាលដាលទៅដល់ ១០៤ប្រទេស និងដែនដី។
លោក Tedros បាននិយាយថា គម្លាតជាសកលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺមិនមានភាពស្មើគ្នា និងគ្មានសមធម៌។ ប្រទេស និងដែនដីមួយចំនួនពិតជាកំពុងបញ្ជាទិញដូសវ៉ាក់សាំងបន្ថែមរាប់លានដូស មុនពេលដែលប្រទេសផ្សេងទៀតបានផ្គត់ផ្គង់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាល និងអ្នកងាយរងគ្រោះបំផុត៕
អត្ថបទ៖ សុខមាន