អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការស្លាប់របស់អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) គឺជាការទទួលខុសត្រូវរបស់ទីក្រុងមូស្គូ ខណៈដែលលោកអាចត្រូវបានគេសម្លាប់នៅក្នុងពន្ធនាគារ ឬក៏ស្លាប់ដោយសារលក្ខខណ្ឌឃុំឃាំង ដែលស្មើនឹងការធ្វើទារុណកម្ម។

អាជ្ញាធររុស្ស៊ីបាននិយាយថា លោក ណាវ៉ាលនី ដែលជាអ្នករិះគន់ដ៏លេចធ្លោបំផុតលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងពន្ធនាគារនៅតំបន់អាក់ទិក ដោយសាររោគាពាធ ប៉ុន្តែភរិយារបស់លោក ណាវ៉ាលនី លោកស្រី យ៉ូលៀ ណាវ៉ាលណាយ៉ា (Yulia Navalnaya) បានចោទប្រកាន់លោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ខណៈវិមានក្រឹមឡាំងបានបដិសេធ។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ លោកស្រី ម៉ារីយ៉ាណា ខាតហ្សារ៉ូវ៉ា (Mariana Katzarova) ដែលត្រូវបានតែងតាំងកាលពីឆ្នាំមុនហើយមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរុស្ស៊ី បានប្រាប់សារព័ត៌មានរ៉យទ័រ នៅក្រៅព្រឹត្តិការណ៍ស្តីពីអ្នកទោសនយោបាយរុស្ស៊ី នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ថាអ្នកជាប់ឃុំឃាំងផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី អាចទទួលរងនូវជោគវាសនាដូចគ្នានឹងលោក ណាវ៉ាលនី។

ក្រុមសង្គមស៊ីវិលនិយាយថា អ្នកទោសនយោបាយប្រហែលពី ៦០០ ទៅ ១.០០០ នាក់កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ពីបទប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឬបដិសេធមិនចូលរួមធ្វើសង្គ្រាម ប៉ុន្តែទីក្រុងមូស្គូ បដិសេធការរិះគន់នេះ៕