ទាហានប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃចន្ទ បានតាមស្វែងរកក្រុមចាប់ជំរិតប្រដាប់អាវុធ ដែលបានចាប់សិស្សសាលាជិត ៣០០ នាក់ នៅក្នុងរដ្ឋ Kaduna កាលពីសប្តាហ៍មុន។ យោងតាមប្រភពសន្តិសុខ បាននិយាយថា កងពល One Division មានមូលដ្ឋាននៅរដ្ឋ Kaduna របស់កងទ័ព កំពុងដឹកនាំប្រតិបត្តិការ នេះ។

ប្រភពព័ត៌មាន បាននិយាយថា ទាហានត្រូវបានគាំទ្រដោយនគរបាលក្នុងតំបន់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកងកម្លាំងទ័ពអាកាស ព្រមទាំងអង្គភាពសេវាស៊ើបអង្កេតរបស់រដ្ឋ Kaduna ។
ឪពុកម្តាយរបស់សិស្ស និយាយថា ពួកគេកំពុងរង់ចាំចម្លើយពីអាជ្ញាធរតំបន់ បន្ទាប់ពីការចាប់ពង្រត់កូនៗរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីក្រុង Kuriga ។ ការចាប់ពង្រត់ទ្រង់ទ្រាយធំបែបនេះ ត្រូវបានធ្វើឡើងជាលើកដំបូងដោយក្រុមជីហាដ Boko Haram កាលពីមួយទសវត្សរ៍កន្លងទៅនេះ។ ប៉ុន្តែយុទ្ធសាស្ត្រនេះ ត្រូវបានក្រុមជនប្រដាប់អាវុធប្រើប្រាស់ដើម្បីទាមទារប្រាក់លោះ។

គ្រួសារ និងសហគមន៍ បានមើលឃើញថា ពួកគេត្រូវបង្ខំចិត្តប្រមូលធនធាន ហើយលក់ទ្រព្យសម្បត្តិ ដូចជាសត្វគោក្របី និងដីធ្លី ដើម្បីឲ្យកូនៗរបស់ពួកគេត្រូវបានដោះលែងមកវិញ។
អ្នកវិភាគសន្តិសុខ បាននិយាយថា ប្រធានាធិបតី លោក Bola Tinubu មិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់អំពីវិធីដែលលោកមានបំណងធ្វើឱ្យប្រទេសនីហ្សេរីយ៉ា មានសុវត្ថិភាពជាងមុននៅឡើយ។ លោកបានចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំមុន ដោយសន្យាថា នឹងដោះស្រាយបញ្ហាអសន្តិសុខដែលកំពុងរាលដាលនេះ។