មានការផ្លាស់ប្តូរជាច្រើនចាប់តាំងពីក្រុមសង្គមស៊ីវិលសម្រាប់ជនជាតិស្បែកខ្មៅ វ័នដា ម៉ូស៍លី (Wanda Mosley) បានជំរុញអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅរាប់ពាន់នាក់នៅទូទាំងរដ្ឋ ចចា (Georgia) ដើម្បីជួយយកជ័យជម្នះការបោះឆ្នោតសកលកាលពីឆ្នាំ២០២០ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។

បច្ចុប្បន្ន អ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្តដោយសារកំណើននៃការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាទិភាពនៃយុត្តិធម៍ពូជសាសន៍ដែលពួកគេមានអារម្មណ៍ថាគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន មិនទាន់បានបំពេញតាមការសន្យា នេះបើយោងតាមការស្ទង់មតិ និងការសម្ភាសន៍បានបង្ហាញ។

ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ភូ (Pew) នៅក្នុងខែមករា បានរកឃើញថាជនជាតិអាមេរិកស្បែកខ្មៅមានការខ្វែងគំនិតគ្នាលើការបំពេញមុខងាររបស់លោក បៃដិន ដែលប្រហែល ៤៩ ភាគរយនៃមនុស្សពេញវ័យស្បែកខ្មៅមិនយល់ស្រប ហើយមានមនុស្ស ៤៨ ភាគរយប៉ុណ្ណោះបានយល់ស្រប ខណៈធ្លាប់មានអ្នកបោះឆ្នោតស្បែកខ្មៅ ៩២ ភាគរយបានគាំទ្រលោក បៃដិន កាលពីឆ្នាំ២០២០។

ទាំងលោក បៃដិន និងគូប្រជែងរបស់ខ្លួន គឺបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ Georgia កាលពីថ្ងៃសៅរ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតមុនការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។ លទ្ធផលនៅទីនោះអាចដើរតួនាទីជាផ្លូវដ៏លំបាកមួយនៅខាងមុខសម្រាប់លោក បៃដិន មុនពេលការបោះឆ្នោតសកលនៅខែវិច្ឆិកា ក្នុងការទាញការគាំទ្រពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ដែលតាមប្រវត្តិសាស្ត្រគឺជាប្លុកបោះឆ្នោតដ៏ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យ៕