រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាសហរដ្ឋអាមេរិក នឹងផ្តល់វិភាគទានបន្ថែមចំនួន ១០០ លានដុល្លារដល់កងកម្លាំងសន្តិសុខពហុជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានបំណងជួយនគរបាលហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល និងជំនួយមនុស្សធម៌ចំនួន ៣៣ លានដុល្លារ ស្របពេលដែលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែយ៉ាប់យ៉ឺនខ្លាំង។

ការប្តេជ្ញាចិត្តនេះនាំមកនូវការរួមចំណែករបស់សហរដ្ឋអាមេរិក ដែលបានស្នើឡើងដល់ចំនួន ៣០០ លានដុល្លារ ប៉ុន្តែជាគេមិនច្បាស់ថាត្រូវការរយៈពេលប៉ុន្មានដើម្បីឱ្យមូលនិធិនេះត្រូវបានអនុម័តដោយសមាជិកសភា និងត្រូវផ្ទេរ។

អ្នកនាំពាក្យរបស់ស្ថាប័នពិភពលោកមួយនេះបាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ ចំនួនតិចជាង ១១ លានដុល្លារត្រូវបានបញ្ចូលទៅក្នុងមូលនិធិបរធនបាល របស់អង្គការសហប្រជាជាតិ ដោយមិនមានការបន្ថែមថ្មីចាប់តាំងពីថ្ងៃទី០៣ ខែមីនា នៅពេលដែលហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយសារតែអំពើហិង្សាកាន់តែអាក្រក់ឡើងពីក្រុមជនអន្ធពាល ដែលកំពុងស្វះស្វែងផ្តួលរំលំរដ្ឋាភិបាល។

អង្គការសហប្រជាជាតិ ជឿថា ក្រុមជនអន្ធពាលជនជាតិហៃទីបានប្រមូលឃ្លាំងអាវុធដ៏ធំដែលភាគច្រើនជួញដូរពីសហរដ្ឋអាមេរិក។ អង្គការនេះប៉ាន់ប្រមាណថាមនុស្សជាង ៣៦២.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុង ដែលពាក់កណ្តាលជាកុមារ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរួមនៅក្នុងប្រទេសហៃទី ជាមួយនឹងរបាយការណ៍រីករាលដាលនៃការចាប់រំលោភ ការធ្វើទារុណកម្ម និងការចាប់ជំរិតប្រាក់លោះខ្លួន ចាប់តាំងពីឆ្នាំ២០២១ មក៕