ស្នូកឃ័រ៖ កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បានបន្ដចូលរួមការប្រកួតព្រឹត្តិការណ៍ដ៏ធំថ្មីមួយទៀតនៅសាធារណរដ្ឋកូរ៉េ គឺការប្រកួតកីឡាស្នូកឃ័រការ៉ុមជ្រើសរើសជើងឯក PBA Team League រដូវកាលឆ្នាំ២០២១-២០២២ ដែលមានប្រាក់រង្វាន់សរុប ១០ម៉ឺនដុល្លារ។

លោស្រី ស្រួង ភាវី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះស្រដៀងនឹងការប្រកួតកម្រិតពិភពលោក Blue One Resort LPBA Championship ដែលលោកស្រីទើបដណ្ដើមបានជើងឯកផ្នែកនារី កាលពីពេលថ្មីៗកន្លងទៅដែរ ប៉ុន្ដែកម្មវិធីនេះគឺប្រកួតជាក្រុម មិនមែនប្រកួតឯកត្ដជនដូចការប្រកួតកាលពីខែមុនឡើយ។ ការប្រកួតនេះគ្រោងធ្វើ ១ខែពេញក្នុងខែកក្កដានេះ បន្ទាប់ពីចាប់ផ្ដើមការប្រកួតកាលពីដើមសប្ដាហ៍មុន ដោយមានក្រុមខ្លាំងៗតំណាងឲ្យក្រុមហ៊ុនធំៗចំនួន ៨ ចូលរួម ក្នុងនោះលោកស្រី និងមិត្តរួមក្រុម ៥រូបទៀតដែលមានជនជាតិកូរ៉េ ៤រូប និងជនជាតិអេស្ប៉ាញ ១រូបបានចាប់ដៃគ្នាប្រកួតតំណាងក្រុមហ៊ុន Blue One Resort។
កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំដដែលបន្ដថា ការប្រកួតនេះមានលក្ខណៈស្វិតស្វាញខ្លាំង ដ្បិតត្រូវធ្វើការប្រកួតសន្សំពិន្ទុគ្រប់ៗគ្នា ដើម្បីចម្រាញ់រកក្រុមខ្លាំងឡើងវគ្គបន្ដ ហើយឈានទៅដណ្ដើមជើងឯកដែលមានប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារ។ ភាវី បានប្ដេជ្ញានឹងខិតខំប្រឹងបន្ថែមទៀតដើម្បីដណ្ដើមលទ្ធផលល្អ ពិសេសនាំមកនូវកិត្តិយសជូនប្រទេសកំណើតរបស់ខ្លួន ។ គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ ស្រួង ភាវី ទើបបើកកំណត់ត្រាថ្មីក្នុងអាជីពកីឡាស្នូកឃ័រអាជីព ឬស្នូកឃ័រការ៉ុមរបស់ខ្លួន បន្ទាប់ពីដណ្ដើមបានជើងឯកពានកម្រិតពិភពលោក Blue One Resort LPBA Championship 2021 អមជាមួយប្រាក់រង្វាន់ជិត ១៨,០០០ដុល្លារ ក្រោយយកឈ្នះម្ចាស់ផ្ទះកូរ៉េ Kim Gayoung ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣-១សិត ៕
អត្ថបទ៖ លី ឈុនឡា