យោងតាមក្រុមមេដឹកនាំក្នុងតំបន់ នាយករដ្ឋមន្ត្រីដែលកំពុងរងសម្ពាធយ៉ាងខ្លាំង លោក អារៀល ហេនរី (Ariel Henry) បានលាលែងពីតំណែង ប៉ុន្មានសប្ដាហ៍ក្រោយភាពចលាចលកាន់តែខ្លាំង នៅក្នុងប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីប មួយនេះ ជាទីដែលក្រុមជនអន្ធពាលកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ហើយសណ្ដាប់ធ្នាប់សង្គមស្ទើរតែដួលរលំ។

ក្រុមមន្ត្រីរបស់ប្លុក CARICOM ក្នុងតំបន់ បានប្រកាសកាលពីយប់ថ្ងៃចន្ទថា លោកហេនរី បានដាក់លិខិតលាលែងពីតំណែងរបស់លោករួចរាល់ហើយ។
លោក អ៊ីហ្វានអាលី (Irfaan Ali )ប្រធានប្លុក CARICOM និងជាមេដឹកនាំប្រទេសកោះ ហ្គីយ៉ាណាបាននិយាយថា យើងទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី អារៀល ហេនរី លើការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។

នៅពេលអំពើហិង្សាដ៏ធ្ងន់ធ្ងរបានផ្ទុះឡើងកាលពីសប្ដាហ៍មុន លោក ហេនរី ស្ថិតក្នុងប្រទេសកេនយ៉ាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការបញ្ជូនមន្ត្រីនគរបាលកេនយ៉ាទៅកាន់ប្រទេសហៃទីដើម្បីស្ដារស្ថានភាពសន្តិសុខឡើងវិញ ដែលរដ្ឋាភិបាលរបស់លោកបានបាត់បង់ការគ្រប់គ្រង។

លោក ហេនរី ដែលបានឡើងកាន់អំណាចដោយពុំបានបោះឆ្នោតកាលពីឆ្នាំ ២០២១ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី នៅពេលនោះរបស់ប្រទេសហៃទី បានពន្យារពេលការបោះឆ្នោតដែលបានគ្រោងធ្វើឡើងកាលពីខែមុន ដោយនិយាយថា មិនអាចមានការបោះឆ្នោតកើតឡើងទេ រហូតដល់ប្រទេសនេះមានសុវត្ថិភាព។ ប៉ុន្តែការសម្រេចចិត្តរបស់លោកបានធ្វើឱ្យក្រុមបាតុករខឹងសម្បារកាន់តែខ្លាំង ដែលទាមទារឱ្យលាលែងពីតំណែងជាច្រើនខែមកហើយ ខណៈប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត និងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលកាន់តែធ្ងន់ធ្ងរ ៕