ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ៊ីស្រាអែលកំពុងត្រួតពិនិត្យកាលពីថ្ងៃចន្ទ១១មីនា ថាតើមេដឹកនាំយោធាខ្ពស់បំផុតទីពីររបស់ហាម៉ាសបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនោះ ឬអត់ ខណៈការចរចាបានជាប់គាំងដើម្បីទទួលបានបទឈប់បាញ់នៅក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ស្របពេលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីម។

ប្រសិនបើការស្លាប់របស់លោកត្រូវបានបញ្ជាក់ នោះលោក ម៉ាវ៉ាន់ អ៊ីសសា (Marwan Issa) នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតពីចលនាសកម្មប្រយុទ្ធអ៊ីស្លាមនេះ ដែលត្រូវបានតាមប្រម៉ាញ់ដោយអ៊ីស្រាអែលនៅក្នុងសង្រ្គាមជាង៥ខែមកនេះ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងតំបន់ឡោមព័ទ្ធ ហ្កាហ្សា។

វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំ អាល់ នូសេរ៉ាត់ (Al-Nusseirat)នៅកណ្តាលតំបន់ហ្កាហ្សា កាលពីយប់ថ្ងៃសៅរ៍ ជាទីដែលខ្លួនទទួលបានព័ត៌មានចារកម្មអំពីទីតាំងលាក់ខ្លួនរបស់លោកអ៊ីសសា (Issa) មេបញ្ជាការទីពីរនៃកងពលទ័ព អ៊ីស អេល ឌីន (Izz el-Deen al-Qassam ) ។
របាយការណ៍បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ៥ នាក់។
កាសែតអ៊ីស្រាអែល ហារ៉េដតស៍(Haaretz)បានរាយការណ៍ថាអ៊ីស្រាអែលកំពុងពិនិត្យមើលថាតើអ្នកស្លាប់ ទាំងនោះ រួមមានលោកអ៊ីសសា ដែរឬអត់។
ទាំងយោធាអ៊ីស្រាអែល ទាំងមន្ត្រីហាម៉ាស ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះឡើយ៕