ភ្នំពេញ÷ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់ស្រ្ដី និងបុរស ក្នុងការទទួលបានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបាន ចំណេះដឹង ជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ជាពិសេសការចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់ គ្នា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងទិវាអបអរសារទរ ខួបលើកទី ១៣ ទិវា រអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្ដីនិងក្មេងស្រីក្នុងបរិវត្ថុកម្មឌីជីថល» រៀបចំឡើងនៅថ្ងៃទី ១១ មីនា ឆ្នាំ ២០២៤ នេះថា ការចូលរួមរបស់ស្រ្ដីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្រ្ដីមានប្រាជ្ញា ស្មារតី តស៊ូអត់ធ្មត់ ដើម្បីរក្សាសុខសន្ដិភាព អភិវឌ្ឍន៍ គ្រប់កាលៈទេសៈ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មានយុទ្ធសាស្រ្ដដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈ ការចូលរួមសកម្មភាពផ្សេងៗ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា តែងតែសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីគាំទ្របង្កើតកម្មវិធីជាច្រើន ដើម្បីលើកកម្ពស់ស្រ្ដី ព្រមទាំងរួមចំណែកជំរុញបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជា។ យុទ្ធសាស្រ្ដជាតិស្ដីពី បរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ក្នុងនោះមានការលើកកម្ពស់ស្រ្ដី លើភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឲ្យប្រើប្រាស់ សេវាហិរញ្ញវត្ថុឌីជីថលជាដើម។
លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ដទៀតថា គិតត្រឹមខែ មករា ឆ្នាំ ២០២៤ ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ មាន ប្រមាណ ៦០ ភាគរយជាស្រ្ដី និងចំនួនអ្នកខ្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ ៦៥ ភាគ ជាស្រ្ដី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើ គ្រឹះស្ថានធនាគារ មានប្រមាណ ៤៥ ភាគរយ ជាស្រ្ដី និងចំនួនអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ៦៨ ភាគរយជាស្រ្ដី ទាំងនេះបង្ហាញពីសមាមាត្រ ដែលស្រ្ដីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស៕
អត្ថបទ៖ សុន រ៉ាឌី




