សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករដ៏មានតម្លៃសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេស គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។
សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ព្រលានយន្តហោះនេះក៏នឹងចូលរួមទាក់ទាញ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។
សម្តេចធិបតីសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ កម្ពុជាត្រូវពង្រឹង និងពង្រីកសេវាកម្មទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត ជាពិសេសវិស័យទេសចរណ៍របស់កម្ពុជា ដែលមានគុណភាព ដើម្បីឱ្យទេសចរបរទេសស្នាក់នៅយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា