សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បង្ហាញមោទនភាព និងអារម្មណ៍រំភើប ចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោនៅលើទឹកដីកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កណ្តាលស្ទឹង ខេត្តកណ្ដាល ខណៈការសាងសង់ជំហានទី១ សម្រេចបានជាង ៦៦ ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដោយបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតីបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍនភាពជំហានទី១ នៃការសាងសង គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អ្នកវិនិយោគិនដែលបានបណ្ដាក់ទុន និងកម្មករ អ្នកសាងសង់ព្រលានយន្តហោះនេះទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូតមកទល់ពេលនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានព្រលានយន្តហោះខ្នាតធំ កាលពី ៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះប្រទេសកម្ពុជា នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំជាប្រវត្តិសាស្រ្តមួយទៀត។ សម្តេចធិបតីថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជាបែបនេះឡើយ ពីព្រោះសមិទ្ធផលនេះ គឺជា របស់ខ្មែរ នៅលើទឹកដីកម្ពុជា។
សូមជម្រាបថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា