សិក្ខាសាលា និងពិព័រណ៍ ស្តីពី ប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយមានកិច្ចសហការរវាងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា សាកលវិទ្យាល័យវាសេដា នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងទទួលបានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើង ក្រៅពីក្នុងគោលបំណងបំផុសគំនិតលើកស្ទួយ ផ្សព្វផ្សាយ និងអភិរក្សប្រពៃណីនៃការផលិតកុលាលភាជន៍នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាជូនដល់សាធារណជនទូទៅ អ្នកស្រាវជ្រាវ ពិសេសប្អូនៗនិស្សិត យើងក៏រំពឹងថាអ្នកចូលរួមទាំងអស់ក៏នឹងបានឃើញនិងបានសិក្សាស្វែងយល់ ប្រៀបធៀបអំពីភាពដូចគ្នា ឬខុសគ្នា ការវិវត្តន៍នៃទំនៀមទំលាប់ក្នុងការផលិតកុលាលភាជន៍រវាងសម័យបុរាណ និងសម័យបច្ចុប្បន្នផងដែរ។

សិក្ខាសាលានេះផ្តោតលើប្រធានបទពីរសំខាន់ (១) គឺការស្វែងយល់អំពីប្រពៃណី និងបច្ចេកទេស នៃការផលិតកុលាភាជន៍នាសម័យមុនអង្គរ និង(២) ការបង្ហាញពីការផលិត ក្អមឆ្នាំងតាមបែបប្រពៃណីដែលមាននៅសេសសល់រហូតមកដល់បច្ចុប្បន្ន។ ចំពោះប្រធាទទី១៖ ទាក់ទងទៅនឹងប្រពៃណី នៃការផលិតកុលាលភាជន៍នាសម័យបុរាណក្នុងប្រទេសកម្ពុជា ដែលតាមរយៈការស្រាវជ្រាវបុរាណវិទ្យាកន្លងមកយើងបានដឹងថា មានភស្តុតាង នៃការផលិត និងប្រើប្រាស់កុលាលភាជន៍តាំងសម័យបុរេប្រវត្តិសាស្រ្តមកម៉្លេះ ជាក់ស្តែងស្ថានីយល្អាងស្ពាន ក្នុងខេត្តបាត់ដំបង ស្ថានីយសំរោងសែន និងស្ថានីយម្លូព្រៃជាដើម។ ប៉ុន្តែសម្រាប់សិក្ខាសាលានេះ កំណត់យកតែត្រឹមសម័យមុនអង្គរប៉ុណ្ណោះ ដែលមានវាគ្មិនចំនួន៤រូប នឹងធ្វើបទបង្ហាញអំពីប្រភេទកុលាលភាជន៍មកពីស្ថានីយសំខាន់ៗរួមមាន ស្ថានីយអូរកែវ អង្គរបុរី វត្តភូ ថាឡាបរិវ៉ាត់ និងសំបូរព្រៃគុក។ ចំពោះប្រធានបទទី២៖ គឺផ្តោតលើមរតកនៃការផលិតកុលាលភាជន៍នាសម័យបច្ចុប្បន្ន គឺសំដៅលើការផលិតក្អម ឆ្នាំងប្រើដោយឧបករណ៍ភ្លើង និងល្អ ឬ ទ្រនៈ និងទ្រនិល ដែលមានស្មូនឆ្នាំង ភាគច្រើនជាស្ត្រី រៀនចេះតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ពីម្តាយ ទៅកូន ពីមីងក្មួយ ពីបងស្រី ទៅប្អូនស្រីជាដើម។ កន្លងមកតាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត រ៉ូឡង់ ម៉ូរ៉េ នៅឆ្នាំ១៩៨៦ មានកន្លែងផលិតក្អម ឆ្នាំងតាមបែបប្រពៃណីច្រើនកន្លែងក្នុងប្រទេសកម្ពុជា ប៉ុន្តែសព្វថ្ងៃនេះ កន្លែងមួយចំនួនឈប់ផលិតក្អមឆ្នាំងបែបប្រពៃណីនេះជាស្ថាពរ ឧទាហរណ៍ខេត្តបាត់ដំបង កំពង់ចាម (ផ្អាវ) តាកែវ (ភ្នំជីសូរ)ជាដើម។

បច្ចុប្បន្ន ខេត្តដែលបន្តធ្វើមានចំនួន៤ប៉ុណ្ណោះ មានដូចជា៖ ខេត្តកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ ៖ ការផលិតក្អមឆ្នាំង នៅក្នុងភូមិទ្រា ភូមិអណ្តូងឫស្សី ភូមិត្រពាំង ស្បូវ ភូមិត្រោក ភូមិត្រពាំងអន ភូមិត្រពាំងគរ ភូមិពន្លឺថ្មី ភូមិបាំងឆួល។ ខេត្តកំពង់ស្ពឺ ស្រុកបរសេដ្ឋ៖ ការផលិតក្អមឆ្នាំង មាននៅក្នុងភូមិដំដែក ភូមិត្រពាំងក្រឡាញ់ និងភូមិ ផ្សេងទៀត។ ខេត្តកំពត ក្នុងស្រុកបន្ទាយមាស៖ ការផលិតក្អមឆ្នាំង នៅមានតែភូមិដំណាក់ចំបក់មួយគត់ និងខេត្តព្រៃវែង ក្នុងស្រុកពារាំង៖ ការផលិតក្អមឆ្នាំង នៅមានតែភូមិ ឫស្សីជុក និងភូមិព្រៃព្រហ្មប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលា និងពិព័រណ៌នាពេលនេះ មានវាគ្មិនចំនួន៦រូប ស្ម័គ្រចិត្តចូលរួមធ្វើបទបង្ហាញអំពី កុលាលភាជន៍សម័យបុរាណ(សម័យមុនអង្គរ) កុលាលភាជន៍មកពីស្ថានីយអូរកែរ, កុលាលភាជន៍មកពីស្ថានីយអង្គរបុរី, កុលាលភាជន៍មកពីស្ថានីយថាឡាបរិវ៉ាត់, កុលាលភាជន៍មកពីស្ថានីយវត្តភូ និងកុលាលភាជន៍មកពីស្ថានីយសំបូរព្រៃគុក និងកុលាលភាជន៍ប្រពៃណីសម័យបច្ចុប្បន្ន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងលទ្ធផលស្រាវជ្រាវថ្មីៗដល់អង្គសិក្ខាសាលាផងដែរ៕ អត្ថបទ រដ្ឋា





