អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការឱ្យគណបក្សនយោបាយចំនួន៥ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គិតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ហើយដែល គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ ក្នងុនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
ពាក់ព័ន្ធនឹងការស្នើចុះបញ្ជីបេក្ខជននេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា តាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ត្រូវបានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត កំពុងបន្តនីតិវិធីលើការពិនិត្យការចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ ដោយសារគណបក្សសាម៉ីមួយចំនួនពុំទាន់រៀបចំឯកសារដាក់បេក្ខជនរបស់ខ្លួនបានត្រឹមត្រូវនៅឡើយទេ។
អ្នកនាំពាក្យរូបនេះលើកឡើងថា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងផ្អែកតាមការចូលរួមដោយស្ម័គ្រចិត្ត ជាពិសេសគណបក្សនយោបាយទាំង៥ដែលចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ បង្ហាញឱ្យឃើញថាទោះបីគណបក្សនយោបាយមានលទ្ធភាពចូលរួមដាក់បេក្ខជនតិច ឬច្រើនក្តី តែក៏បានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់គណបក្សចំពោះការបោះឆ្នោត នឹងរួមចំណែកឱ្យកម្ពុជាទទួលបានបទពិសោធន៍ និងជំរុញឱ្យភាពជាតំណាងរបស់ប្រជាពលរដ្ឋកាន់តែមានភាពសុក្រិតជាងមុន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខ និងមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ៖ សេក ឧត្តម