ភ្នំពេញ ៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ហៅកាត់ថា JICA-AC នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានដឹកនាំបន្តសម្រាប់អាណត្តិថ្មី ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារកាំបូឌីយាណា ដោយឯកឧត្តម ម៉ែន ភារម្យ អគ្គលេខាធិការសមាគម ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម ជំនួសឯកឧត្តម ជិន ម៉ាលីន។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធ៌ម និងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា មានប្រសាសន៍ថា សមាគមកម្មសិក្សាការីកម្ពុជាមានរយៈពេលជាង២០ឆ្នាំហើយដែលទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលដៅបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សជូនប្រទេសកម្ពុជា តាមរយៈការបញ្ជូនមន្រ្តីរាជការរបស់រដ្ឋាភិបាល សិស្ស និសិត្ស និងអង្គការផ្សេងៗនៅកម្ពុជាទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសជប៉ុនទៅតាមជំនាញរបស់គេរៀងៗខ្លួន។ អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺបញ្ជាក់ឲ្យបានច្បាស់អំពីការយកចិត្តកដាក់គាំទ្រអិតសំចៃពីសំណាក់រាជរដ្ឋាភិបាលចំពោះកិច្ចការនេះ ពិសេសការកើតមានឡើងនូវសមាគមនេះ ប្រសិនបើគ្មានការគាំទ្រពីទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុន ទាំងផ្នែកស្មារតី និងសម្ភារៈក៏មិនអាចកើតឡើងបានដែរ។
ឯកឧត្តម ជិន ម៉ាលីន បន្ថែមថា សន្និបាតថ្ងៃនេះក្នុងគោលបំណងរាយការណ៍ពីសកម្មភាពដែលសមាគមបានអនុវត្តកន្លងមក និងការលើកទិសដៅដើម្បីអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣-២០២៤។ ឯកឧត្តមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយសហការ និងគាំទ្រផ្នែកថវិការធ្វើឲ្យមានសមាគមនេះកើតចេញជារូបរាង្គរហូតមកទល់សព្វថ្ងៃនេះ និងសង្ឃឹមថា សន្និបាតនេះនឹងចូលរួមពង្រីកសកម្មភាពរបស់សមាគមក្នុងការលើកកម្ពស់ និងការយល់ដឹងបន្ថែមទៀតពីវិស័យនៅក្នុងប្រទេសកម្ពុជា។
លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើន រួមចំណែកដល់សង្គមកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបណ្តាញក្នុងចំណោមសមាជិកក៏ដូចជាពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា។ JICA-AC បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងឆាកជាតិ និងអន្តរជាតិ។
ប្រធានទីភ្នាក់ងារសហប្រតិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការដឹកនាំដ៏ឆ្នើម ដែលនាំឱ្យមានការទទួលស្គាល់ និងជោគជ័យនៃសកម្មភាពផ្សេងៗ។ ការខិតខំប្រឹងប្រែងរបស់ JICA-AC បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់សហគមន៍ក្នុងប្រទេសកម្ពុជា និងរវាងជប៉ុន និងកម្ពុជា។
សូមជម្រាបថា សន្និបាតសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា នាពេលនេះ ឯកឧត្តម ម៉ែន ភារម្យ អគ្គលេខាធិការសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ហៅកាត់ថា JICA-AC ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម ជំនួសឯកឧត្តម ជិន ម៉ាលីន តាមរយៈនៃការឆ្នោតតាមអាណត្តិ គឺមានរយៈពេល៣ឆ្នាំ។ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានកកើតឡើងកាលពីឆ្នាំ២០១២ មកដល់ពេលនេះមានសមាជិក ១៦០០នាក់ និងមានសមាគមអាស៊ាន ជប៉ុន ១១ប្រទេស៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








