អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) ជាថ្មីម្តងទៀត បានលើកឡើងនូវមហិច្ឆតារបស់ខ្លួន ដែលមានបំណងចង់សម្រេចឲ្យបានទំហំការជួញដូរឲ្យកើនដល់ ១០០លានដុល្លារអាម៉េរិក ក្នុង១ថ្ងៃ ខណៈសព្វថ្ងៃនេះ ជាមធ្យមទំហំជួញដូរមានប្រមាណ ២០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 នៅព្រឹកថ្ងៃទី១២ ខែមីនានេះ បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន គណនីដែលកំពុងជួញដូរដែលមានបញ្ជីឈ្មោះ ចំនួនសរុបប្រមាណជាង ៥ម៉ឺនគណនី។

ឯកឧត្តម បានបន្តថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ផ្សារមូលបត្រកម្ពុជា នឹងបន្តរៀបចំឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឲ្យសាធារណជនកម្ពុជាស្គាល់អំពីការវិនិយោគដែលត្រឹមត្រូវស្របតាមច្បាប់ ដែលមានការធានាការពារច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឈានសម្រេចឲ្យបាននូវគោលដៅនៃមហិច្ឆតាខាងលើនេះ។ ជាមួយនេះ ឯកឧត្តម បានស្នើវិនិយោគិនសាធារណៈ និងសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះទាំងអស់ ឲ្យព្យាយាមក្រេបជញ្ជក់នូវចំណេះដឹង ឬក៏លើកជាសំណួរសួរទៅកាន់តំណាងក្រុមហ៊ុនចុះបញ្ជីទាំងអស់ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគ ឬបង្កើតចំណូលអកម្មចាប់ពីពេលនេះតទៅ ដើម្បីជាមូលដ្ឋានក្នុងការវិភាគ ក៏ដូចជាជំនួយបន្ថែមសម្រាប់វិនិយោគក្នុងការវិភាគជាបច្ចេកទេស ដើម្បីសម្រេចចិត្តក្នុងការវិនិយោគលើភាគហ៊ុនឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតជាវេទិកាជូនក្រុមហ៊ុនចុះបញ្ជីក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុនដល់វិនិយោគិន និងជាវេទិកាមួយអនុញ្ញាតឲ្យសាធារណជនស្វែងយល់បន្ថែមពីអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រួមមានប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ និងផែនការអាជីវកម្មនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី



